ប្រទេសហុងគ្រី នឹងមិនគាំទ្រចំពោះផែនការបច្ចុប្បន្នរបស់សហភាពអឺរ៉ុប ក្នុងការហាមឃាត់ទាំងស្រុងចំពោះការនាំចូលប្រេងឆៅរបស់រុស្ស៊ីនោះឡើយ ដោយសារតែវានឹងធ្វើឱ្យខូចដល់សន្តិសុខថាមពលរបស់រដ្ឋសមាជិកសហភាពអឺរ៉ុបខាងកើតមួយនេះ ។ យ៉ាងណានេះបើតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បាននិយាននៅក្នុងសប្តាហ៍នេះ ។
ជាក់ស្តែង រដ្ឋមន្ត្រីការបរទេស លោក Peter Szijarto បានលើកឡើង បន្ទាប់ពីសហភាពអឺរ៉ុប ដាក់ចេញផែនការបច្ចុប្បន្ន ដែលចង់កាត់ផ្តាច់ការនាំចូលប្រេងឆៅទាំងស្រុងពីរុស្ស៊ីថា ” បើសិនជាមានការកាត់ផ្តាច់ប្រេងឆៅ ដែលផ្គត់ផ្គង់តាមរយ:បំពង់បង្ហូរប្រេងនោះ គឺមិនខុសអ្វីពីការធ្វើឱ្យប្រទេសហុងគ្រី ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចដូចទៅនឹងរុស្ស៊ី នោះឡើយ ” ។
គួរឱ្យដឹងថា នៅក្រោមសំណើរបស់សហភាពអឺរ៉ុប ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលមានការពឹងផ្អែកខ្លាំង ទៅលើថាមពលរុស្ស៊ី នឹងត្រូវបានផ្តល់ឱកាសឱ្យរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដើម្បីអនុលោមតាមទណ្ឌកម្ម ដើម្បីបញ្ឈប់ការនាំចូលប្រេងទាំងស្រុងពីរុស្ស៊ី ពោលគឺមានរយ:ពេលយូរជាងមួយឆ្នាំ បើធៀបនឹងប្រទេសសមាជិកដទៃទៀត ។
បញ្ជាក់ទៀតថា រដ្ឋជាសមាជិកទាំង ២៧ ប្រទេស របស់សហភាពអឺរ៉ុប នឹងជួបប្រជុំគ្នា ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សា និងធ្វើការបោះឆ្នោតលើសំណើនេះ ស្របពេលសហភាពអឺរ៉ុប ត្រូវការការគាំទ្រពីគ្រប់រដ្ឋជាសមាជិកទាំងអស់ ដើម្បីអនុម័តទណ្ឌកម្មថ្មីនេះ ៕
ប្រភព: Financialpost