រដ្ឋមន្ត្រីព័ត៌មាន និងអ្នកឧកញ៉ា ម៉ុង ឫទ្ធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃបណ្ណាល័យអេឡិកត្រូនិក KUMNIT APP

ជុំវិញ​ឧកញ៉ា

បណ្ណាល័យអេឡិកត្រូនិក KUMNIT ( គំនិត ) APP ជំនាន់ទី២ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នាសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី ៣ ព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា ឌីណា សហស្ថាបនិកនិងជាប្រធាន ក្រុមហ៊ុន IDEA 3MS និងបណ្ណាល័យអេឡិកត្រូនិក KUMNIT APP បានឱ្យដឹងថា APP គំនិតជំនាន់ទី១ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២០ ហើយសម្រាប់ជំនាន់ទី២ នេះ កាន់តែធ្វើអោយអ្នកអានកាន់តែងាយស្រួលជាងមុន មានមុខងារច្រើនជាងមុន មានមុខងារនិងចំណុចពិសេសច្រើនជាងមុន ដែលធ្វើអោយអ្នកអានអាចសិក្សាស្រាវជ្រាវ រៀនសូត្របាន អាចស្វែងរកកម្រងសៀវភៅព័ត៌មាន និងមេរៀនល្អៗ យកមកអាន ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ព្រមទាំងភាពប្រឈម និងដំណោះស្រាយផ្សេងៗក្នុងស្មាតហ្វូន ទាំងអស់គ្នា ដែលស្របទៅនឹងភាពជឿនលឿន នៃសម័យកាលបច្ចេកវិទ្យា ។

លោកបន្តថា គោលបំណងនៃការបង្កើត APP គំនិត គឺដើម្បីជម្រុញលើកទឹកចិត្ត និងបំផុសបំផុលប្រជាពលរដ្ឋខ្មែរ ពិសេស សិស្ស និសិ្សត យុវជន ក៏ដូចជសសហគ្រិន ទូទៅអោយចាប់ផ្តើមចូលចិត្តការអានសៀវភៅ ចាប់ផ្តើមការស្រលាញ់សៀវភៅ ចាប់ផ្តើមការអភិវឌ្ឍខ្លួនឯង តាមរយៈការអានសៀវភៅ ឬមើលសៀវភៅ ជាលក្ខណៈ Digital Book ដែលផ្តល់ភាពងាយស្រួល។

ជាមួយនេះក៏ជាការជួយលើកស្នាដៃអ្នកនិពន្ធ ក្នុងស្រុកអោយមានប្រភពចំណូលមួយផ្នែកទៀតអាជីវកម្ម តាមរយៈការដាក់លក់សៀវភៅក្នុង App គំនិតនេះ។ ជាងនេះទៅទៀត ក៏ជាការចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍវិស័យអប់រំបែប ឌីជីថល និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើងមួយកំរិតទៀតផងដែរ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរំលឹកពីដំណើរនៃការសរសេរសៀវភៅ តាំងពីជំនាន់ការលំបាក ហើយក្រោយមករាល់អត្ថន័យ ក្នុងសៀវភៅបានជួយកែសម្រួលពីសាស្រ្តាចារ្យ ទើបចេញជាសៀវភៅជាច្រើននេះឡើង ទុកជាចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយ បានដឹង ហើយរៀនសូត្រតាមគំនិតរបស់ដែលថាត្រឹមត្រូវ។

លោកបានកាត់ទុកការបង្កើតApp គំនិតនេះឡើងជាការល្អបំផុត ហើយសង្ឃឹមថាអ្នកដែលគ្រប់គ្រង App នេះ មានគំនិតជាតិនិយម មានវប្បធម៍ខ្មែរនិយម ដើម្បីអោយជាតិរីកចំរើនរុងរឿង ហើយអោយក្មេងៗជំនាន់ក្រោយយកគំរូតាម ក្លាយជាទំពាំងស្នងឬស្សី រួមគ្នាអភិវឌ្ឍប្រទេសជាតិកាន់តែរីកចំរើន ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលបានមកសម្ពោធបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២ ដោយសារថានៅកម្ពុជា ការបោះពុម្ពសៀវភៅ ការទិញសៀវភៅ មានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ប៉ុន្មានក៏ដោយ អោយតែលក់អោយគេ។

ដូច្នេះការដែលបង្កើតApp ដែលដាក់បញ្ជូលសៀវភៅនេះឡើងជាការល្អ ហើយការមើលត្រូវបង់ប្រាក់ទោះបីតិចក្តី តែបើមានអតិថិជនមើលច្រើន និងទទួលបានចំណូលច្រើន អាចជួយដល់អ្នកតែងនិពន្ធសៀវភៅ ហើយជាយុទ្ធសាស្រ្ត ឈ្នះៗ ទាំង ៣ ។ លោក ខៀវ កាញារិទ្ធ បន្ថែម។

លោកគូសបញ្ជាក់ថា ការមើលសៀវភៅ និងការមើលទូរទស្សន៍ គឺមានការខុសគ្នា ដោយការមើលទូរទស្សន៍ ជាការទទួល តែបើមើលសៀវភៅគឺខួរក្បាលរត់ មានភាពសកម្មជាងការមើល ហើយមានពេលគិតច្រើន។ សម្រាប់បណ្ណាល័យអេឡិកមានលក្ខណៈល្អជាង ការទុកសៀវភៅ គរច្រើន នាំអោយខូច និងបោះចោល ។ បណ្ណាល័យអេឡិកត្រូនិកនេះ គឺជាការឈានចូលសតវត្សទី២១ ប្រកបដោយភាពជឿនលឿន។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា បើប្រៀបធៀបជំនាន់មុន និងជំនាន់នេះ គឺសៀវភៅមានភាពខុសគ្នា ១ ពាន់ដង ដែលមុនមានតិច ឥឡូវច្រើនណាស់ ហើយក្មេងៗជំនាន់ថ្មីនេះ មានចំណេះដឹងច្រើនទៀតផង តែសំខាន់ការប្រើចំណេះដឹងនេះអោយត្រូវ ក្នុងនោះគឺការចេះអត់អោនអោយគ្នា ទាមទារការរៀនសូត្រ ការស្វែងយល់គ្នា ការអានអោយបានច្រើន និងការពិភាក្សាផ្តាស់ប្តូរមតិយោបល់គ្នាជាក្រុម លើចំណុចនីមួយៗដែលជាការជួយជម្រុញអោយសង្គមមានការវិវឌ្ឍ។

លោកមានភាពជឿជាក់ថា សង្គមដែលមានអ្នកចេះដឹងច្រើនប៉ុណ្ណឹងហើយ គឺមិនងាយស្រុតនោះទេ ហើយអ្វីដែលសំខាន់ត្រូវយល់អ្វីដែលជាសន្តិភាព៕