ឯកឧត្តម ស៊ុន ចាន់ថុល ស្នើជប៉ុន​បញ្ជូន​ក្រុមជំនា​ញ​ការ ជួយ​បណ្ដុះ​​បណ្ដាល​ធនធានមនុស្សផ្នែក​វិស្វ​កម្ម​សំ​​ណង់​​ដល់​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ស្នើភា​គី​ជប៉ុនពិចារណាបញ្ជូនក្រុមជំនាញការ ជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក​វិស្វក​ម្មសំណង់ដល់កម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងឯក​ឧត្តមរដ្ឋ​មន្រ្តី​ជាមួយគណៈប្រតិភូជប៉ុន កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យ​ភាគីជប៉ុនពិនិត្យពិចារណា​បញ្ជូន​ក្រុម ជំនាញការរបស់ខ្លួនដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកលើវិស្វកម្ម​សំណង់ ដើម្បី ជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការលើការ កសាងស្ពាន​ថ្នល់ប្រកបដោយ​គុណ ភាព។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ ក្នុងជំនួបពិភាក្សាការងារជា​មួយគណៈប្រតិភូជប៉ុន ដឹកនាំ​ដោយ​ឯកឧត្តម NAKANE Kazuyuki សមាជិកសភាជ​ប៉ុន។

ឯកឧត្តម ស៊ុន ចាន់ថុល កត់សម្គាល់ថា សព្វថ្ងៃនេះមាននិស្សិតកម្ពុជាត្រឹមតែ​៣,៤​ភាគ​រយ​ប៉ុណ្ណោះ ដែលសិក្សាជំនាញនេះនៅតាមសាកលវិទ្យាល័យនានា។ ឯក​ឧត្តម​ទេស​រដ្ឋមន្រ្តី​បានសម្តែង​ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​ភាគីជប៉ុន និងប្រជាជនជប៉ុន​ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហ​ប្រតិបត្តិការដើម្បីរួម​ចំណែកដល់ការស្តារ និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ឯកឧត្ដម​បាន​គូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃគម្រោង​សាង​សង់​ពង្រីកផ្លូវជាតិ លេខ៥ ពីព្រែក​ក្តាម​ទៅប៉ោយប៉ែតជាពី២គន្លង ទៅ៤គន្លង ដែលជាផ្លូវ​សេដ្ឋកិច្ចមួយយ៉ាង​សំខាន់​ដើម្បីដឹកជញ្ជូន ទំនិញទៅកាន់ប្រទេសជិតខាង។

ទន្ទឹមនេះ ឯកឧត្តម​​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍អំពី​គម្រោងពង្រីកកំពង់​ផែស្វយ័ត​ក្រុង ព្រះសីហនុ គម្រោងប្រើប្រាស់ប្រព័ន្ធPort EDIនៅកំពង់ផែ ផែនការមេភស្តុភារកម្ម ប្រព័ន្ធគ្រប់គ្រង​ទឹកកខ្វក់​ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធចុះបញ្ជីរថយន្តតាមអនឡាញ ការត្រួត​​ពិនិត្យលក្ខណៈ​បច្ចេក​ទេសយានយន្តតាមប្រព័ន្ធអនឡាញ គម្រោង​សិក្សាលើ​ការកាត់បន្ថយការកកស្ទះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធប្រតិបត្តិ​ការរថភ្លើងស្វ័យ​ប្រវត្តិ(AGT) និងគម្រោងមេគង្គ-ជប៉ុនដើម្បីជំរុញការ​ដឹកជញ្ជូនតាមផ្លូវទឹក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា​ ក្រសួងកំពុងធ្វើការជាមួយទីភ្នាក់ងារ JICA ដើម្បី​សម្របសម្រួលរវាងកម្ពុជា និងភាគីថៃទាក់ទងនឹងការបើកច្រកទ្វារ​ព្រំដែនអន្តរជាតិស្ទឹង​បត់ (ស្ពានស្ទឹងបត់) ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការកកស្ទះ​ចរាចរណ៍ពី​ការដឹក​ជញ្ជូន​ឆ្លង​កាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែនថៃ ខណៈកំពុងរង់ចាំការ​បញ្ចប់​ការសាងសង់អគាររដ្ឋបាល។

ជាការឆ្លើយតប ឯកឧត្តម NAKANE បានកត់សម្គាល់ និងទទួលយកសំណើ​ទាំងឡាយ ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឡើង ដើម្បីពិនិត្យពិចារណា និងឆ្លើយតប​ប្រកប​ដោយ​ភាពវិជ្ជមាន។ ឯកឧត្តម NAKANE បានថ្លែងការកោតសរសើរដល់គំនិតផ្តួច​ផ្តើមកំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងសាធារណការទាក់ទងនឹងការដាក់ឱ្យដំណើរ​ការ​កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងការរីកចម្រើនរបស់កម្ពុជា​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕