គម្រោងវិនិយោគថ្មីតម្លៃជាង១៥០លានដុល្លារ នឹងផុសឡើងក្នុងរាជធានីខេត្តទាំង៥នេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណជាង ១៥២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៥កន្លែង និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម១កន្លែង នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងព្រះសីហនុ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ មានក្រុមហ៊ុន ៦ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តរួមមាន៖
១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារអាមេរិក។

២. ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧,២លានដុល្លារអាមេរិក។

៣. MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក ។

៤. SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាមេរិក ។

៥. LHTL DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែងនិងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាមេរិក ។

៦. JBT TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងទាំង ៦ ខាងលើនេះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជា បានរហូតដល់ ៣៤៣៦ កន្លែងឯណោះ៕ អត្ថបទរង្សី