សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រត្តិបត្តិការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ព្រមទាំងកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យធុរកិច្ច។ ពិធីចុះហត្ថលេខាធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រី ម៉ារីសា ហារុតា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភានេះ។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងចូលរួមសហការលើកកម្ពស់វិស័យឯកជនក្នុងកិច្ចការពាណិជ្ជកម្ម និងគាំទ្រកិច្ចសហប្រតិបត្តិការកម្រិតតំបន់ក្នុងក្របខណ្ឌក្រុមប្រឹក្សារពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។
បើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់សភាពាណិជ្ជកម្មកម្ពុជា និងអង្គការ JETRO ដើម្បីកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ហើយរួមគ្នាជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន/អាស៊ីខាងកើត និងស្នើជារបាយការណ៍អនុសាសន៍របស់ក្រុមហ៊ុនឯកជនជូនដល់ថ្នាក់ដឹកនាំ អាស៊ាន/អាស៊ីខាងកើត ព្រមទាំងសហការរៀបចំកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងជំរុញឲ្យក្រុមហ៊ុននានាជួយឧបត្ថម្ភកិច្ចប្រជុំកំពូលនេះ។
លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម ចូលរួមបង្កើតបរិយាកាសធុរកិច្ចល្អ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត សហការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរួមមានដូចជា ជំនួបពាណិជ្ជកម្ម សិក្ខាសាលា សន្និសីទ ពិព័រណ៍ពាណិជ្ជកម្ម និងបេសកកម្មធុរកិច្ចជាដើម។
គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលជាង១០ឆ្នាំនេះ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការធ្វើកម្មវិធីជាច្រើនរួមគ្នា។ ស្ថាប័នទាំងពីរសម្រេចបាននូវការអនុវត្តវកម្មវិធី និងគម្រោងជាច្រើនប្រកបដោយផ្លែផ្កាគួរអោយកត់សម្គាល់។
ដូច្នេះពិធីចុះហត្ថលេខាលើអនុស្សរណៈនាពេលនេះ ជាសញ្ញាវិជ្ជមានមួយដែលជួយពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅទូលំទូលាយជាងមុននូវកិច្ចសហប្រត្តិការរបស់ស្ថាប័នទាំងពីរ។ បន្ថែមលើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ នឹងជួយរក្សានូវទំនាក់ទំនងល្អ និងកិច្ចប្រឹងប្រែងរួមគ្នារបស់ស្ថាប័នទាំងពីរដើម្បីធានាឲ្យបាននូវផលប្រយោជន៍ជាអតិបរមា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ៕