ក្រសួងរ៉ែ និងក្រុមធុរកិច្ចអាមេរិក-អាស៊ាន ពិភាក្សាលើរឿងធំៗ៦ ដើម្បីជំរុញវិស័យថាមពលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរ៉ែនិងថាមពល និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) បានផ្តោតការពិភាក្សារួមគ្នាលើរឿងធំៗចំនួន៥ ដើម្បីជំរុញវិស័យថាមពលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងក្រសួងរ៉ែនិងថាមពល ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)ដែលដឹកនាំដោយ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន កាលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

ជំនួបពិភាក្សានេះ ក៏មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន Amazon និងក្រុមហ៊ុន 3M ជាដើមផងដែរ។

តាមរយៈក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា៖១.សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅកម្ពុជា។២.វឌ្ឍនភាពនៃការរៀបចំគោលនយោបាយអភិវឌ្ឍថាមពលកម្ពុជា។៣.ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរុករកប្រេង និងឧស្ម័នបន្ថែម។ ៤.ឱកាសសហការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល( រួមមាន៖ ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពលនិងប្រព័ន្ធសន្សំសំចៃថាមពល ជាដើម)។ ៥.ឱកាសវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ និងទី៦.ការគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ជំនួយហិរញ្ញវត្ថុនិងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំវ័យក្មេង។

ថ្លែងក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានបង្ហាញការគាំទ្រដល់ក្រសួងរ៉ែនិងថាមពល ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថាមពលអាស៊ានឆ្នាំ២០២២ ដែលក្នុងភាពជាប្រធាននេះ ក្រសួងបានជ្រើស រើសយកមូលបទ ការបង្កើនល្បឿនអន្តរកាលថាមពល ដើម្បីការស្តារសេដ្ឋកិច្ចនិងកំណើនដោយចិរភាព មកពិភាក្សា ដែលស្របទៅនឹងការវឌ្ឍននិងបច្ចេកវិទ្យាថាមពលនាពេលបច្ចុប្បន្ននិងអនាគត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានកត់សម្គាល់អំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងវិស័យថាមពលនេះ បូករួមទាំងប្រេងនិងឧស្ម័ន ហើយក៏បានសន្យាថា នឹងជួយគៀងគរក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាមេរិក មកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែម។

ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ចំពោះកម្ពុជា និងស្វាគមន៍រាល់ការ វិនិយោគរបស់ភាគីអាមេរិក ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនថាមពលរបស់អាមេរិក៕ អត្ថបទ៖រង្សី