Volkswagen ត្រៀមបោះទុនជាង ១០ ពាន់លានដុល្លារ ទៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីសម្រេច​មហិច្ឆតា​ធំមួយ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen AG រួមទាំងដៃគូ នឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ១០ ពាន់លានអឺរ៉ូ ឬ ១០,៦ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ ទ្រង់ទ្រាយធំ នៅក្នុងប្រទេសអេស្ប៉ាញ ។ នេះបើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ក្រុមហ៊ុន Volkswagen ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់អេស្ប៉ាញ Iberdrola ដើម្បីបង្កើតជាសួនសូឡាទាញយកថាមពលព្រះអាទិត្យ ក្នុងការផ្តល់ថាមពលមួយផ្នែក ដល់រោងចក្រអាគុយ ដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Sagunto ។

Volkswagen បាននិយាយកាលពីខែមីនាថា ខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ ៧ ពាន់លានអឺរ៉ូ ដើម្បីបង្កើតរោងចក្រអាគុយ និងផលិតរថយន្តអគ្គិសនី នៅរោងចក្ររថយន្តចំនួន ២ របស់ខ្លួន ក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Herbert Diess បាននិយាយថា តួលេខនៃការវិនិយោគនេះ បានកើនឡើងដល់ចំនួន ១០ ពាន់លានអឺរ៉ូ ជាមួយនឹងការចូលរួមពីសំណាក់ដៃគូវិនិយោគថ្មី ។

បញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាល្លឺម៉ង់មួយនេះ មានបំណងចាប់ផ្តើមសាងសង់រោងចក្រថាមពល ៤០ ជីហ្គាវ៉ាត់ម៉ោង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ជាមួយនឹងការចាប់ផ្តើមផលិតអាគុយនៅឆ្នាំ ២០២៦ ។ ហើយនៅឆ្នាំ ២០៣០ ក្រុមហ៊ុននឹងផ្តល់ការងារដល់បុគ្គលិកជាង ៣ ០០០ នាក់បន្ថែម។ នេះបើតាមក្រុមហ៊ុន Volkswagen បាននិយាយ ៕

ប្រភព: CNA