គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ (A.M.K) សម្រេចទិញសញ្ញាបណ្ណមានបុគ្គលធានាក្នុងតម្លៃ ១លានដុល្លារអាមេរិកពីក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ខេត្តកណ្តាល។
ពិធីចុះហត្ថលេខាធ្វើឡើងរវាងលោក គា បូរាណ នាយកគ្រឹះស្ថានហិរញ្ញវត្ថុ A.M.K និងឧកញ៉ា Chalres Vann អគ្គនាយករងក្រុមហ៊ុន CAIC នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណារឌីយ៉ាភ្នំពេញ។
ថ្លែងក្រោយពិធីចុហត្ថលេខារួចរាល់លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានលើកឡើងថា គ្រឹះស្ថានអេអឹមខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដំបូងគេលើការវិនិយោគសញ្ញាប័ណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ ។ មិនតែប៉ុណ្ណោះ ក៏បានចូលរួមជំរុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។
ឧកញ៉ា Chalres Vann អគ្គនាយករងក្រុមហ៊ុន CAIC បានបញ្ជាក់ថា អត្រាការប្រាក់របស់សញ្ញាបណ្ណនេះ គឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល(tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។ លោកឧកញ៉ាបន្ថែម។
សូមជម្រាបជូនថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC)ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ខេត្តកណ្ដាល ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបច្ចុប្បន្នសម្រេចបាន ៣២% ហើយដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក ដែលការចំណាយនេះដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ Cambodia Airport Investment Co., Ltd (CAIC)។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន CAIC។
គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា ៣ ដំណាក់កាល ក្នុងនោះទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ។ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួល បានអ្នកដំណើរប្រមាណ ៣០ លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងទាំងមូលនឹងត្រូវចំណាយទឹកប្រាក់សរុប ១.៥០០ លានដុល្លារ មិនបូកបញ្ចូលតម្លៃដី៕