ត្រឹម​តែ​មួយ​ថ្ងៃ មហាសេដ្ឋី​មាន​បំផុត ៤ រូប​របូត​លុយ​អស់​ជិត ៣៦ ពាន់​លាន​ដុល្លារ

អន្តរជាតិ

មុនពេល​បិទ​ផ្សារហ៊ុន​នា​សប្ដាហ៍​នេះ មហាសេដ្ឋី​មាន​បំផុត ៤ រូប​លើ​ពិភពលោក​បាន​បាត់បង់​ថវិកា​ប្រហែល ៣៦ ពាន់​លាន​ដុល្លារ ដោយសារ​ការ​ធ្លាក់ចុះ​តម្លៃ​ហ៊ុន​អាក្រក់​បំផុត​ក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនមែន​មាន​តែ​មហាសេដ្ឋី ៤ រូប​នោះ​ឡើយ​ដែល​ខូចខាត​ទ្រព្យសម្បត្តិ​អស់​រាប់​ពាន់​លាន​ដុល្លារ នៅ​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត​ដែល​ទទួល​រង​ការ​ខាតបង់​ធ្ងន់ធ្ងរ​នេះ​ដូចគ្នា ពោល​គឺ​សរុប​ការ​ខាតបង់​នៅ​លើ​ផ្សារហ៊ុន​អន្តរជាតិ​ទាំងមូល គឺ​មាន​ដល់​រាប់​រយ​ពាន់​លាន​ដុល្លារ​ឯណោះ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​បែបនេះ គឺ​ដោយសារ​វិនិយោគិន​ជាច្រើន​រូប​បាន​សម្រុក​លក់​ភាគហ៊ុន​របស់​ពួកគេ​ជាច្រើន បន្ទាប់​ពី​មាន​ការ​ប្រកាស​តំឡើង​ទុនបម្រុង​សហព័ន្ធ ដើម្បី​ទប់ស្កាត់​ការ​បង្ក​អតិផរណា ដ្បិត​សកម្មភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​សភាព​យ៉ាប់យ៉ឺន​។

ការ​លក់​ភាគហ៊ុន​ទាំង​តក់​ក្រហល់​បែបនេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​កំពូលៗ​ដូចជា Amazon និង Meta Platforms បាន​ធ្លាក់ចុះ​ដល់​ទៅ ៨% និង ៧% និង​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ Elon Musk ខាត​ប្រាក់​អស់​ជិត ២០ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល​មួយថ្ងៃ។

ដោយឡែក មហាសេដ្ឋី ៤ រូប​ដែល​របូត​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ​នោះ​មាន​ដូចជា Elon Musk ខាតបង់​ថវិកា ១៨,៥ ពាន់​លាន​ដុល្លារ ខណៈ Jeff Bezos របូត​អស់ ៩,៧៣ ពាន់​លាន​ដុល្លារ ស្របពេល Bernard Arnault បាត់បង់​អស់ ៤,៨៤ ពាន់​លាន​ដុល្លារ និង Bill Gates ខាតបង់​ ២,៦៨ ពាន់​លាន​ដុល្លារ៕

ប្រភព: Nairametrics