លោក អេម៉ានុយអែល ម៉ាក្រុង ស្បថចូលកាន់ដំណែងប្រធានាធិបតីបារាំង

អន្តរជាតិ

លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃសៅរ៍ ទី៧ ឧសភាម្សិលមិញ ​បាន​ស្បថចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង​មួយអាណត្តិទៀត នាវិមាន​ប្រធានាធិបតី ដោយមានការចូលរួម​ពី​ឥស្សរជននយោបាយជាន់ខ្ពស់​របស់​បារាំង ដែលក្នុងនោះមានអតីតប្រធានាធិបតី​បារាំង លោក ​ហ្វ្រង់ស័រហូឡង់ និង​លោក​នីកូឡា សាកូហ្ស៊ី រួមទាំងអតីតនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី ក្រុមគ្រូពេទ្យ កងទ័ព និង​អ្នកតំណាង​អង្គការ​សមាគម សរុប​ជាង​៤៥០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុង​ពិធីស្បថចូលកាន់តំណែង​ លោក ម៉ាក្រុង​ បាន​សន្យា​ដឹកនាំ​ប្រទេស​បារាំង ដោយប្រើ​វិធីសាស្រ្តថ្មី តាមរយៈ​ការរៀបចំ​ការធ្វើ​កំណែទម្រង់ ដោយ​មានការចូលរួម​ពី​ប្រជាជន​បារាំង។ លោកម៉ាក្រុង​ បានសន្យា​ផងដែរថា នឹងប្រែក្លាយ​ប្រទេស​បារាំង​ឲ្យ​ខ្លាំងពូកែ ឲ្យក្លាយជាទីកន្លែង​ដែលគេអាចរស់នៅបាន។

សូមជម្រាបថា បើទោះបីលោក ​អេម៉ានុយអែល ម៉ាក្រុង ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី នៅថ្ងៃ​សៅរ៍ម្សិលមិញក៍ពិតមែន ប៉ុន្តែ អាណត្តិប្រធានាធិបតី​របស់លោក​នឹង​ចាប់ផ្តើម​ជា​ផ្លូវការនៅសប្តាហ៍ក្រោយ ពោល​គឺចប់អាណត្តិរដ្ឋាភិបាល​ចាស់ នៅថ្ងៃ​ទី ១៣​ ខែឧសភា ឆ្នាំ២០២២នេះ។

យ៉ាងណា សម្រាប់​អាណត្តិ​៥ឆ្នាំ ខាងមុខ ប្រធានាធិបតី​ម៉ាក្រុង ​នឹង​អាច​ប្រឈម ជួប​ឧបសគ្គ​ច្រើន ក្នុងដឹកនាំប្រទេស ជាពិសេស ក្នុងករណី​ដែល​គណបក្ស​របស់លោក​មិនអាច​ទទួល​ជ័យជំនះលើសលុប នៅក្នុងការបោះឆ្នោតសភា នៅ​ខែ​មិថុនា​ខាងមុខ។ គ្មានសំឡេង​ភាគច្រើន នៅ​រដ្ឋសភា លោកម៉ាក្រុង​ត្រូវ​បង្ខំចិត្ត​បង្កើតរដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រឆាំងជាក់ជាមិនខាន៕