សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានប្តូរវេនអាស៊ាន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅថ្ងៃស្អែក ទី១០ ខែឧសភា ឆ្នាំ២០២២។ ការចូលរួមកិច្ចប្រជុំពិសេសនៅវ៉ានស៊ិនតោន តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះផងដែរ។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលបំណងក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិកបន្ថែមទៀតក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ក្នុងនាមប្រធានអាស៊ានដដែលនេះ សម្តេច ហ៊ុន សែន ធ្វើការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់ផ្លាស់ប្តូរយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះធ្លាប់គ្រោងធ្វើឡើងតាំងពីដើមឆ្នាំ២០២០ ដែលមានអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកកាន់អំណាចម្ល៉េះ ក៏ប៉ុន្តែ ដោយសារការរាតត្បាតជំងឺសាកលកូវីដ១៩ កិច្ចប្រជុំនេះ ត្រូវលើកពេលរហូតដល់ឆ្នាំ២០២២នេះ។
នេះជាលើកដំបូងសម្រាប់រដ្ឋបាលលោក ចូ បៃឌិន ដែលបានរៀបចំកិច្ចប្រជុំកំពូលទល់មុខគ្នា រវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំនៃតំបន់អាស៊ាន។ ខណៈលោក ចូ បៃឌិន បាននិងកំពុងព្យាយាមយកចិត្តទុកដាក់ និងផ្សះផ្សាទំនាក់ទំនង ព្រមទាំងចាប់ផ្ដើមធ្វើការជាមួយយអាស៊ានឡើងវិញ បន្ទាប់ពីកាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនសូវជាខ្វាយខ្វល់ពីអាស៊ាននោះទេ ជាពិសេសកិច្ចប្រជុំអាមេរិក-អាស៊ាននេះតែម្ដង ពោលគឺលោក បានចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន តែមួយដងគត់ក្នុងឆ្នាំ ២០១៧។
ដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងអាមេរិក និងតំបន់អាស៊ាន នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩ ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញ អំឡុងខែតុលា ឆ្នាំ២០២១ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក បានផ្ដល់ថវិកា ចំនួន១០០លានដុល្លារឱ្យអាស៊ានផងដែរ។
ជាមួយគ្នានេះ លោក បៃឌិន ក៏បានគូសបញ្ជាក់ថា ភាពជាដៃគូរបស់អាមេរិក និងអាស៊ាន មានសារៈសំខាន់ណាស់ ក្នុងការរក្សាសេរីភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នា៕