កម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារសាធារណរដ្ឋឆេក បានជាង៧ពាន់តោន ក្នុងឆ្នាំ២០២១

សង្គម​ និង​សេដ្ឋកិច្ច

ឆ្នាំ២០២១កន្លងទៅ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារសាធារណរដ្ឋឆេក បានរហូតជាង ៧០០០តោន ខណៈដែលនៅឆ្នាំ២០២២នេះកម្ពុជា និងឆេក ក៏បានប្តេជ្ញាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរបន្ថែមផងដែរ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក វេង សាខុន ភាគីទាំងពីរបានសហការរួមគ្នាធ្វើការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគត ដូចជាការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងរយ:ពេលខ្លី និងពេលវែង ការផ្លាស់ប្តូរមន្រ្តីជំនាញឲ្យទៅធ្វើទស្សន:កិច្ចសិក្សា ដើម្បីដកស្រង់បទពិសោធន៍លើការងារអនុវត្តបច្ចេកទេសផ្ទាល់ ។

ទន្ទឹមនឹងនោះ កម្ពុជា និងឆេក ក៏បន្តការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ការធ្វើទំនើបកម្មកសិកម្ម និងការពង្រឹងសមត្ថភាពលើការកែច្នៃកសិផល។

ជាមួយគ្នានោះ លោក វេង សាខុន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឆេក ដែលបានទិញអង្ករពីកម្ពុជា ចំនួនជាង ៧០០០តោនក្នុងឆ្នាំ២០២១ ហើយលោកសង្ឃឹមថាបរិមាណនេះ នឹងកើនឡើងបន្ថែមទៀតនាពេលអនាគត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានពិភាក្សាគ្នាស៊ីជម្រៅរួចមក ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម” រវាងប្រទេសទាំងពីរ បន្ទាប់មកនឹងឈានទៅអនុវត្តលើខ្លឹមសារ MOU នេះឲ្យចេញជាផ្លែផ្កាដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

តាមរយៈ MOU នេះកម្ពុជា មានក្តីសង្ឃឹម និងការជឿជាក់ថា នាពេលអនាគតដ៏ខ្លីកិច្ចសហប្រតិបត្តិការនេះវិស័យកសិកម្មនាពេលអនាគតកាន់តែល្អប្រសើរ ដែលនឹងអាចឈានទៅឆ្លើយតមតាមតម្រូវការទីផ្សារនាំចេញ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ២២១ ១៣៨ តោន និងនាំ​ចេញ​ស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា៕ អត្ថបទរង្សី