ដូចប្រិយមិត្តបានដឹងរួចមកហើយថា បច្ចុប្បន្នសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនគឺកំពុងតែបន្តបង្ហាញភាពវឹកវរនៅឡើយ ពោលគឺដំណោះស្រាយដ៏សមស្របមួយសម្រាប់ចំណោទបញ្ហាមួយនេះនៅមិនទាន់លេចរូបរាងនោះទេ។
តែនៅពេលដែលសង្គ្រាមកំពុងតែមានសភាពក្ដៅគគុកបែបនេះ វាក៏បានធ្វើឲ្យបុគ្គលមួយចំនួនអាចឆ្លៀតឱកាសយកផលចំណេញពីព្រឹត្តិការណ៍មួយនេះបានដូចគ្នា ជាក់ស្ដែងមហាសេដ្ឋីឥណ្ឌា Mukesh Ambani គឺកំពុងសំងំកើបលុយរាប់លានដុល្លារពីសង្គ្រាមមួយនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា Reliance Industries Ltd. ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋីជនជាតិអាស៊ីខាងលើ គឺកំពុងប្រមូលទិញប្រេងឆៅពីប្រទេសរុស្ស៊ីដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីបណ្ដាប្រទេសនៅអឺរ៉ុបក្នុងតម្លៃថោកបំផុតមួយ។
ក្រុមហ៊ុនកែច្នៃប្រេងធំបំផុតលើលោកមួយនេះ បានឆ្លៀតឱកាសកើបលុយរាប់លានដុល្លារពីសង្គ្រាមខាងលើ ដោយទិញប្រេងឆៅក្នុងតម្លៃទាប និងកែច្នៃ ហើយលក់វិញក្នុងតម្លៃខ្ពស់ ស្របពេលតម្លៃឥន្ធនៈទូទាំងពិភពលោកនាពេលបច្ចុប្បន្នកំពុងកើនឡើងចាប់មិនឈ្នះ។
ថ្វីបើការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់បណ្ដាប្រទេសមួយចំនួនធំកំពុងមានបញ្ហា តែលំហូរនាំចូលទៅកាន់ប្រទេសឥណ្ឌានៅតែដំណើរការធម្មតា ស្របពេលប្រទេសនាំចូលប្រេងធំបំផុតលើលោកទី ៣ បានទិញប្រេងឆៅពីរុស្ស៊ីច្រើនជាង ៤០ លានបារ៉ែល (១ បារ៉ែលប្រហែល ១៥៩ លីត្រ) គិតចាប់ពីចុងខែកុម្ភៈមក។
ជាលទ្ធផល ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីឥណ្ឌាខាងលើកើនប្រាក់ចំណូលពីការលក់ប្រេងតែមួយមុខប្រហែល ៦០% ខណៈប្រាក់ចំណូលសរុបប្រចាំត្រីមាសទី ១ កើនឡើង ២២% ឬប្រហែលជាង ២ ពាន់លានដុល្លារ។ នេះបើតាមការសន្និដ្ឋានពី Bloomberg៕
ប្រភព: Alijazeera