ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo ត្រូវបានគេរាយការណ៍ថា គ្រោងនឹងជួបជាមួយមហាសេដ្ឋី លោក Elon Musk ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលខាងមុខ ស្របពេលដែលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្មនីកែល របស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់អាគុយ សម្រាប់រថយន្តអគ្គិសនី ។
គួរឱ្យដឹងថា អ្នកតំណាងនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc របស់លោក Musk បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយនឹងត្រូវធ្វើដំណើរទៅទស្សនាមជ្ឈមណ្ឌលផលិតនីកែល នៅឯទីក្រុង Morawali ដែលស្ថិតលើកោះ Sulawesi ។ នេះបើយោងតាមរដ្ឋមន្រ្តីសម្របសម្រួលនៃការវិនិយោគ និងកិច្ចការសមុទ្រ លោក Luhut Binsar Pandjaitan បានលើកឡើង ។
លើសពីនេះ លោក Luhut បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានថា ” ពួកគេនឹងទៅលេងនៅ Morowali ហើយពួកគេពិតជាពេញចិត្តទៅនឹងទិន្នន័យអំពីសមាសសធាតុនីកែល របស់យើង ដែលពួកគេទទួលបានរហូតមកដល់ពេលនេះ ” ។
ជាក់ស្តែង នៅក្នុងការបង្ហោះ លើបណ្តាញសង្គម Instagram លោក Luhut បានបង្ហាញពីក្តីសង្ឃឹមរបស់លោក បន្ទាប់ពីបានជាមួយលោក Musk នៅក្នុងរដ្ឋតិចសាស់ កាលពីខែមេសា ថា ” ការពិភាក្សាទាក់ទងនឹងវឌ្ឍនភាព នៃការអភិវឌ្ឍន៍ឧស្សាហកម្មនីកែល របស់ប្រទេសឥណ្ឌូនេស៊ី ដែលផ្សាភ្ចាប់ជាមួយបច្ចេកវិទ្យាខ្ពស់ អាចនាំប្រទេសរបស់យើង ចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មរថយន្តអគ្គិសនីបាន ” ។
គួរឱ្យដឹងផងដែរថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន ។
ហើយយ៉ាងណា នៅពេលសួរអំពីកិច្ចប្រជុំរវាង លោក Joko និងលោក Musk ដែលអាចធ្វើឡើងនាពេលខាងមុខ លោក Luhut បានបញ្ជាក់យ៉ាងច្បាស់ថា ” យើងកំពុងរៀបចំកន្លែងរួចរាល់ហើយ សម្រាប់កិច្ចប្រជុំមួយនេះ ” ។
បញ្ជាក់ផងដែរ ថា ឥណ្ឌូនេស៊ី ចង់បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងស្រុកពេញលេញសម្រាប់នីកែល ជាពិសេសជាមួយនឹងការទាញយកសារធាតុគីមីពីប្រភេទរ៉ែមួយនេះ ដើម្បីផលិតអាគុយ និងសម្រាប់ផ្គត់ផ្គង់ដល់ការផលិតរថយន្តអគ្គិសនី ៕
ប្រភព: CNA