តើ​អ្នក​ដឹង​ទេ? Elon Musk ធ្លាប់​ចង់​លក់ Tesla ក្នុង​តម្លៃ​មិន​ដល់​ ១% នៃ​មូលធន​ទីផ្សារ​បច្ចុប្បន្ន

អន្តរជាតិ

អ្នកណាៗ​ក៏​ដឹង​ដែរ​ថា​ Tesla គឺជា​ក្រុមហ៊ុន​ជោគជ័យ​បំផុត​មួយ​លើ​ពិភពលោក​ ដោយ​វា​គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ជោគជ័យ​បំផុត​ Tesla ក៏​ជា​ក្រុមហ៊ុន​ដែល​មាន​មូលធន​ទីផ្សារ​ធំ​បំផុត​លើ​លោក​មួយ​ផង​ដែរ​ ពោល​គឺ​មាន​តម្លៃ​ដល់​ទៅ ៩០០ ពាន់​លាន​ដុល្លារ​ឯណោះ ខណៈ​ក្រុមហ៊ុន​ដែល​មាន​មូល​ធន​ទីផ្សារ​ធំ​បំផុត​ដាច់​គេ​គឺ Apple មាន ២,៦ ទ្រី​លាន​ដុល្លារ។

ប៉ុន្តែ​មុន​នឹង​ឈាន​មក​ដល់​ចំណុច​មួយ​នេះ មេធំ Elon Musk ធ្លាប់​បាន​ស្នើ​លក់ Tesla ទៅ​ឲ្យ​ក្រុមហ៊ុន Google កាលពី​ឆ្នាំ ២០១៣ ជាមួយ​តម្លៃ​ទាប​បំផុត​ពោល គឺ​ CEO ម្នាក់​នេះ​ចង់​បាន​ត្រឹម​តែ ៦ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ការ​លក់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី។

វា​ប្រហែល​ជា​រឿង​ដែល​ស្ទើរ​តែ​មិន​ជឿ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៣ Tesla គឺ​កំពុង​ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ផ្នែក​សង្វាក់​ផលិតកម្ម​ ដែល​បណ្ដាល​ឲ្យ​ការ​ផលិត​មាន​ការ​កកស្ទះ និង​តម្រូវ​ឲ្យ Musk បង្ខំ​ចិត្ត​បិទ​រោងចក្រ​បណ្ដោះ​អាសន្ន ក៏​ដូចជា​កាត់​បន្ថយ​កម្លាំង​ពលកម្ម​មួយ​ចំនួន​ដើម្បី​រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​បាន​កើតមាន។

ទាល់​ខ្លាំង​មែនទែន Elon Musk បាន​រត់​ទៅ​រក Larry Page សហ​ស្ថាបនិក Google ដែល​កាលនោះ​នៅ​កាន់​តំណែង​ជា CEO នៅ​ឡើយ ដើម្បី​ជួប​ពិភាក្សា​ចរចា​លក់​ក្រុមហ៊ុន Tesla។ ក្រោយ​ជួប​ពិភាក្សា​អស់​ជាច្រើន​ម៉ោង មហាសេដ្ឋី​អាមេរិក​ចង់​បាន ៦ ពាន់​លាន​ដុល្លារ ស្របពេល Larry ហ៊ាន​ចាយ​ត្រឹម​ ៥ ពាន់​លាន​ដុល្លារ។

សំណាងល្អ​ការ​ចរចា​មិនបាន​សម្រេច ហើយ​ចុងក្រោយ​បញ្ហា​របស់ Tesla ត្រូវបាន​ដោះចេញ ខណៈ​ការ​លក់​ក៏​កើនឡើង​ជា​លំដាប់​រហូត​ដល់​តម្លៃ​ហ៊ុន​របស់​ពួកគេ​កើនខ្ពស់ ដល់​ថ្នាក់​ភាគហ៊ុន ១៧% របស់ Elon Musk មាន​តម្លៃ​ប្រហែល ១៥០ ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន៕

ប្រភព: Celebritynetworth