សភាពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពី សភាពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៥ និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធនានា។ សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។
ក្រុមហ៊ុនសហគ្រាសស្របច្បាប់ធុនតូច មធ្យម និងធំ គ្រប់វិស័យនៅទូទាំងប្រទេស អាចចូលជាសមាជិករបស់សភាពាណិជ្ជកម្មបានទាំងអស់។ សភាពាណិជ្ជកម្ម ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងបង្កលក្ខណ:ធុរកិច្ចឲ្យកាន់តែល្អប្រសើរ។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែឧសភានេះថា តាមពិតការងារសភាពាណិជ្ជកម្មតាមមណ្ឌលរាជធានី-ខេត្ត គឺមានច្រើន ដូចជាការងារសង្គម ការងារដោះស្រាយបញ្ហាប្រឈមនានា និងធ្វើជាប់រហូត ហើយសំខាន់អាចឱ្យពាណិជ្ជករ អាជីវករ ពឹងពាក់ប្រធានសភា ស្នើសុំជួបរដ្ឋបាលរាជធានី-ខេត្តបាន។
“តាមពិតសភាពាណិជ្ជកម្ម ដើរតួជាមួយរដ្ឋបាលខេត្ត គឺការសម្របសម្រួលមន្ទីរជុំវិញពាក់ព័ន្ធ ឬបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករទាំងអស់ ក្នុងដែនសមត្ថកិច្ចខេត្តរបស់ខ្លួន។ សម្រាប់សាធារណៈជនទូទៅ ដែលត្រូវការទាក់ទងមន្ទីរ ឬរដ្ឋបាលខេត្ត ហើយពុំសូវយល់ដឹងពីនីតិវិធីរដ្ឋបាល ក៏អាចពឹងសភាពាណិជ្ជកម្ម ឱ្យជួយសម្របសម្រួលបាន។ ឧទាហរណ៍៖ ត្រូវការសេវាដែនដី បង់ពន្ធ ឬចង់ទៅឆ្លងការិយាល័យច្រកចេញចូលតែមួយ..។ បើសេវាជាកញ្ចប់ ក៏អាចប្រគល់ឱ្យសភាពាណិជ្ជកម្ម អ្នកចាត់ចែងបាន”។ ឧកញ៉ា សុខ ស្រស់ បានបញ្ជាក់បន្ថែម៕