ឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ដោយរោគាពាធ។ នេះបើតាមទំព័រហ្វេកបុកផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។
ទំព័រហ្វេកបុកខាងលើ បានបន្ថែមថា មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើម ដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្ម នាពេលកន្លងមក។
អស់រយៈកាលជាង ១០ឆ្នាំក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោកហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗជាច្រើន ដល់កីឡាករ និងបុគ្គលិកគ្រប់ជាន់ថ្នាក់។
ឧកញ៉ា ឬទ្ធី សំណាង វ័យ៤១ឆ្នាំ គឺជាកូនប្រសាររបស់ឧកញ៉ា កុក អាន ដែលជាមហាសេដ្ឋីជំនួញមួយរូបនៅកម្ពុជា។ លោកជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន, ជាអគ្គនាយកក្រុមហ៊ុន Pi Pay, អគ្គនាយក KB HOTEL ហើយកន្លងមក លោកឧកញ៉ា តែងជួយការងារសង្គមជាច្រើន ក្នុងនោះដូចជា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, បរិច្ចាគដល់កាកក្របាទក្រហម និងថ្មីៗនេះលោកបានដកថវិកាមួយចំនួនពីប្រាក់រង្វាន់ឈ្នះពានមិត្តហ្វូនខេមបូឌៀលីគរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕