កាលពីថ្ងៃច័ន្ទកន្លងទៅ ការដាក់ដេញថ្លៃសំបុត្រទៅទស្សនាលំហអាកាសរបស់ក្រុមហ៊ុន Blue Origin បានប្រព្រឹត្តឡើង ហើយមហាសេដ្ឋី Ken Griffin ក៏បានយកដេញថ្លៃទិញបាន ២ កៅអីនៅក្នុងកម្មវិធីមួយនោះផងដែរ។
យ៉ាងណា កៅអីសម្រាប់យានអវកាសខាងលើគឺនឹងមិនប្រើប្រាស់ផ្ទាល់ខ្លួនឡើយ ពោលគឺមហាសេដ្ឋីអាមេរិករូបនេះនឹងបរិច្ចាគឱកាសមាសខាងលើ ទៅកាន់គ្រូបង្រៀន ២ រូបនៅទីក្រុង New York។
បើយោងតាមការបញ្ជាក់ឲ្យដឹងពីអ្នករៀបចំកម្មវិធីដែលបានទម្លាយទៅកាន់ FOX Business បានឲ្យដឹងថា ស្ថាបនិក Citadel Securities បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ៨ លានដុល្លារ ចំពោះការដេញថ្លៃខាងលើ។
ដោយឡែក ចំពោះការប្រគល់រង្វាន់កៅអីទៅទស្សនាលំហអាកាសនេះវិញ គឺនឹងរៀបចំឡើងតាមការសហការរវាងអង្គការ Robin Hood និងនាយកដ្ឋានអប់រំនៃទីក្រុងញូវយ៉ក ក្នុងការជ្រើសរើសគ្រូបង្រៀន ២ រូបនោះ ខណៈការប្រកាសនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ។
បញ្ជាក់ដែរថា ចំពោះកាលបរិច្ឆេទនៃការហោះហើរមួយនោះវិញ គឺមិនទាន់ចេញជាផ្លូវការនៅឡើយទេ គ្រាន់តែត្រូវបានបង្ហើបត្រួសៗថា អាចនឹងចេញដំណើរនៅពាក់កណ្ដាលឆ្នាំ ២០២៣៕
ប្រភព: Foxbusiness