ខណៈក្រុមហ៊ុនអាកាសចរណ៍នានាចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញ ឃើញថាតម្លៃសំបុត្រយន្តហោះក៏ថយចុះច្រើនដែរ។
ជាក់ស្តែងសំបុត្រយន្តហោះពីភ្នំពេញទៅទីក្រុងបាងកកប្រទេសថៃ តម្លៃបានចុះពីជាង ៥០០ ដុល្លារ នៅសល់តែជាង ២០០ ដុល្លារ។
លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា មានប្រសាសន៍ថា តម្លៃសំបុត្រយន្តហោះក្នុងតំបន់អាស៊ាន បានថយចុះមកតម្លៃធម្មតាដូចមុនផ្ទុះជំងឺកូវីដឆ្នាំ២០១៩។ តម្លៃសំបុត្រពីភ្នំពេញទៅបាងកក កន្លងមកមានតម្លៃ ៥០០ដុល្លារទៅ៧០០ដុល្លារ ឥឡូវតម្លៃត្រឹមតែចាប់ពី១៧០ដុល្លារទៅជាង២០០ដុល្លារប៉ុណ្ណោះ។
លោក ហូរ វណ្ឌីបានបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះថយច្រើន ជាពិសេសជើងហោះហើរក្នុងតំបន់អាស៊ាន ដែលតម្លៃសំបុត្រយន្តហោះសឹងតែថយចុះមកតម្លៃធម្មតាដូចនឹងឆ្នាំ២០១៩ លើកលែងតែគោលដៅប្រទេសចិនមួយប៉ុណ្ណោះ ដែលតម្លៃសំបុត្រយន្តហោះនៅទ្រឹងដដែល គឺប្រមាណពី៧ពាន់ដុល្លារទៅ១ម៉ឺនដុល្លារ។
បើតាមមន្រ្តីអាកាសចរស៊ីវិល ក្នុងខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរចេញចូលប្រទេសកម្ពុជា តាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបី មានចំនួនជាង១២ម៉ឺននាក់ កើនឡើងជាង៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ផ្លូវហោះហើរដែលមានកំណើនខ្ពស់ គឺភ្នំពេញ-បាងកក ដែលក្នុងមួយសប្តាហ៍កើនឡើងដល់២៥ជើង និង ភ្នំពេញ-សិង្ហបុរី កើនឡើងដល់១៩ជើងក្នុងមួយសប្តាហ៍៕