យោងតាមការបង្ហោះសារនៅលើប្រព័ន្ធបណ្ដាញសង្គម Twitter ផ្លូវការរបស់មហាសេដ្ឋី Bill Gates កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុនយក្ស Microsoft គឺកំពុងធ្វើចត្តាឡឺស័កដោយសារបានឆ្លងជំងឺកូវីដ ១៩។
បុរសវ័យ ៦៦ ឆ្នាំខាងលើបានបង្ហើបឲ្យដឹងដែរថា អាការៈរបស់លោកគឺមិនមានសភាពធ្ងន់ធ្ងរឡើយ ដោយសារបានចាក់វ៉ាក់សាំងទាំងការពារ និងជំរុញបានគ្រប់គ្រាន់ និងកំពុងសម្រាកព្យាបាលតាមការណែនាំរបស់គ្រូពេទ្យ។
“ខ្ញុំបានធ្វើតេស្តរកឃើញវិជ្ជមាននៃមេរោគកូវីដ ១៩ ហើយខ្ញុំជួបអាការៈមួយចំនួននៃមេរោគមួយនេះ។ បច្ចុប្បន្នគឺកំពុងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងធ្វើចត្តាឡឺស័ករហូតដល់សុខភាពខ្ញុំល្អប្រសើរឡើងវិញ”។
បញ្ជាក់ដែរថា បច្ចុប្បន្នសហរដ្ឋអាមេរិកគឺនៅតែបន្តកើតមាននូវការឆ្លងជំងឺកូវីដ ១៩ ច្រើនលើសលប់ដដែល ពោលគិតត្រឹមថ្ងៃទី ១០ ឧសភា មានអត្រាឆ្លងកូវីដ ១៩ ថ្មី ៩៣ ៤១៣ ករណី ខណៈការឆ្លងសរុបមានដល់ ៨២ លានករណី និងអត្រាមរណភាពមានប្រហែល ៩៩៧ ០០០ ករណី៕
ប្រភព: Euroweeklynews