សម្រាប់ទិសដៅឆ្នាំ២០២២ កងទ័ពកម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២ កងទ័ពទាំងពីរប្រទេស បានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងការជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់រវាងកងឯកភាពទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។
ក្នុងនោះកងទ័ពកម្ពុជា-វៀតណាម បានប្តេជ្ញារួមគ្នាផ្តោតលើអាទិភាពមួយចំនួនដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។
ក្រៅពីឯកភាពរួមគ្នាលើទិសដៅសម្រាប់ឆ្នាំ២០២២ កងទ័ពកម្ពុជា-វៀតណាម ក៏បានធ្វើការវាយ តម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២១ផងដែរ។ ដោយក្នុងនោះកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ បានបន្តកិច្ចសហការជាមួយគ្នាយ៉ាងសកម្មលើការចូលរួមចំណែកទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងបានផ្តល់ការឧបត្ថម្ភជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩៕