សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពិតជាចង់ធ្វើមិត្តរបស់អាមេរិក តែមិនអាចកំណត់ឲ្យរើសរវាងអាមេរិក ឬចិននោះឡើយ ហើយកម្ពុជាមាននយោបាយអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចនេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ដូចនេះ បានធ្វើឡើងនៅពេលទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឆ្នាំនេះគឺជាខួប ៧២ឆ្នាំហើយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា និងអាមេរិក ទំនាក់ទំនងបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥០ ។ តាមរយៈទំនាក់ទំនងដែលមានរយៈពេល ៧២ឆ្នាំនេះ គឺឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។
ជាមួយគ្នានវ លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ការអនុញ្ញាតឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីនតោននាពេលនេះ ៕