អ្នកស្នេហាវិស័យកីឡា ជាពិសេសអ្នកគាំទ្របាល់ទាត់ រួមទាំងកីឡាករជាច្រើន បានសម្តែងការសោកសៅចំពោះមរណភាពឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីពព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
ទាក់ទិនមរណភាពរបស់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនរូបនេះ ត្រូវបានប្រភពជិតស្និទ្ធបង្ហើបឱ្យឧកញ៉ាញូស៍ដឹងនៅល្ងាចថ្ងៃទី១១ ខែឧសភាម្សិលមិញថា ឧកញ៉ា ឬទ្ធី សំណាង បានទទួលអនិច្ចកម្មនៅសិង្ហបុរី ដោយជំងឺរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ។
ឧកញ៉ា ឬទ្ធី សំណាង កើតក្នុងឆ្នាំ១៩៨១ គឺជាអ្នកជំនួញមួយរូបប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ព្រមទាំងភាពជាអ្នកដឹកនាំ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ ជាដើម។
ក្រៅពីតួនាទីជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោក ឬទ្ធី សំណាង ក៏មានតួនាទីជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ និងបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា។
បើតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅព្រឹកមិញនេះ អស់រយៈកាលជាង១០ឆ្នាំ ក្រោមការដឹកនាំរបស់ឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោក ខណៈលោកតែងតែទូន្មាននិងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់អ្នករាល់គ្នា។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖«ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាថែរក្សានូវទស្សនវិស័យ និងបន្តវីរភាពដែលឧកញ៉ា ឬទ្ធី សំណាង សម្រេចបានចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាទីដែលលោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើន ដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លឹប ភ្នំពេញក្រោន ជាទីស្រឡាញ់របស់លោក»។
ឧកញ៉ា ឬទ្ធី សំណាង វ័យ៤១ឆ្នាំ គឺជាកូនប្រសារបស់អ្នកឧកញ៉ា កុក អាន ដែលជាមហាសេដ្ឋីជំនួញមួយរូបនៅកម្ពុជា។ លោកជាប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន, ជាអគ្គនាយកក្រុមហ៊ុន Pi Pay, អគ្គនាយក KB HOTEL ហើយកន្លងមក លោកតែងជួយការងារសង្គមជាច្រើន ក្នុងនោះដូចជា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, បរិច្ចាគដល់កាកក្របាទក្រហម។
លើសពីនេះ ថ្មីៗនេះលោកបានដកថវិកាមួយចំនួនពីប្រាក់រង្វាន់ឈ្នះពានមិត្តហ្វូនខេមបូឌៀលីគរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕