កូនស្រីទេសាភិបាលនៃធនាគារជាតិកម្ពុជា លោក ជា ចាន់តូ គឺលោកស្រី ជា សិរី ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ University of Adelaide នៅប្រទេសអូស្ត្រាលី។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកស្រី នៅរសៀលថ្ងៃទី១២ ខែឧសភានេះ។
តាមរយៈទំព័រហ្វេសប៊ុកដដែលលោកស្រី បានបង្ហាញពីសេចក្ដីសោមនស្សរីករាយ ក្រោយសម្រេចក្ដីស្រមៃ និងបង្ហាញការដឹងគុណចំពោះអ្នកមានគុណទាំង ២ ដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រ បើទោះជាលោកទាំង ២ មានសុខភាពមិនសូវមាំទាំក៏ដោយ។
លោកស្រីជាឧបការីទេសាភិបាលនិងអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដែលធ្វើការផ្លាស់ប្តូរឱ្យមានទំនើបកម្មនៅក្នុងប្រព័ន្ធទូទាត់នៅកម្ពុជា បន្ទាប់ពីលោកស្រីទទួលបានពានរង្វាន់ «ការទូទាត់នាពេលអនាគត» ពីវិទ្យាស្ថានធនាគារប៊ុយដាប៉ែស និង CFTE ពីកិច្ចខិតខំរបស់លោកស្រីសម្រាប់ការអភិវឌ្ឍឌីជីថលផ្នែកហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ជាពិសេសជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបាគង ដែលជាកម្មវិធីទូទាត់បែបឌីជីថល។
ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ កុំបោះបង់ក្ដីស្រមៃ និងព្យាយាមឈោងចាប់វាជាមួយនឹងការតាំងចិត្តដ៏ហានក្លា ព្រោះថាអ្វីៗក៏សុទ្ធតែអាចសម្រេចទៅបានដែរ បើសិនជាយើងមានគោលដៅច្បាស់លាស់៕