នៅថ្ងៃទី ១២ ឧសភានេះ ប្រជាជនស្រីលង្កាជាច្រើនរយនាក់បាននាំគ្នាភៀសខ្លួនចាកចេញពីទីក្រុងកូឡុំបូតាមរយៈឡានក្រុង ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ខណៈពេលមេដឹកនាំធំៗកំពុងជួបប្រជុំគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន។
វិបត្តិសេដ្ឋកិច្ចនៅប្រទេសស្រីលង្កាបានបង្ហាញភាពធ្ងន់ធ្ងរពីមួយកម្រិតទៅមួយកម្រិត ពោលកាលពីថ្ងៃច័ន្ទកន្លងទៅ មានការផ្ទុះករណីហិង្សារវាងក្រុមបាតុករជាមួយនឹងក្រុមប៉ូលិស ស្របពេលអតីតនាយករដ្ឋមន្ត្រី ម៉ាហ៊ីនដា រ៉ាចាបាកសា (Mahinda Rajapaksa) ប្រកាសលាលែងពីតំណែង។
បងប្រុសរបស់ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាបាកសា (Gotabaya Rajapaksa) កំពុងសំងំលាក់ខ្លួននៅបន្ទាយទាហាននៅភាគឦសាននៃប្រទេស ស្របពេលថ្នាក់ដឹកនាំកំពូលនៃប្រទេសដីកោះបានទម្លាយថា នឹងចាត់តាំងនាយករដ្ឋមន្ត្រី រួមទាំងគណៈរដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍នេះផងដែរ។
បើទោះជាបានជួបពិភាក្សារកដំណោះស្រាយក៏ពិតមែន ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងទាំងអស់បាននិយាយថា ពួកគេនឹងមិនសហការជាមួយឡើយ បើសិនជាលោកហ្គោតាបាយ៉ា មិនព្រមចុះចេញពីតំណែង។
បញ្ជាក់ដែរថា ទេសាភិបាលនៃធនាគារកណ្ដាលនៃប្រទេសស្រីលង្កាបានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេបរាជ័យក្នុងការរកដំណោះស្រាយចំពោះបញ្ហាមួយនេះ ហើយក្នុងរយៈពេល ១ ទៅ ២ សប្ដាហ៍ខាងមុខ នឹងមានការផ្ដាច់អគ្គិសនីពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃ៕
ប្រភព: Swissinfo