ទឹកប្រាក់ប្រមាណជាង ៩លានដុល្លារ កំពង់ផែស្វយ័តភ្នំពេញ រកបានក្នុងត្រីមាសទី១

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងត្រីមាសទី១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩.៤៩លានដុល្លារ ដែលចំនួននេះមានការកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១កន្លងទៅ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍បានឲ្យដឹងថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ គឺចំណូលពីប្រតិបត្តិការផែ មានចំនួន២.៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន៣៥០,៩១២ដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន៣៣,១៩៥ដុល្លារ និង ចំណូលផ្សេងៗ មានចំនួន២២០,៨៩៩ដុល្លារ។

ដោយឡែកសម្រាប់ឆ្នាំ២០២១កន្លងទៅវិញ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន១២.៧ លានដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។

ជាមួយគ្នានេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២នេះដែល ដូចជា គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ ២០១២-២០២៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០,០០០ TEU ក្នុងមួយឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀតផងដែរ៕