ក្រោយពីទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមលោកជំទាវជ្រឹង បុទុមរង្សី តាមរយៈបណ្តាញសង្គមបានបង្ហោះសារថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើឲ្យលោកជំទាវមានថ្ងៃនេះ។
ក្នុងឱកាសនេះជាការដឹងគុណ លោកជំទាវបានថ្លែងអំណរព្រះគុណតបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ដែលបានប្រោសព្រះរាជទាននូវមុខងារដ៏ថ្លៃថ្លាជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដល់លោកជំទាវ។
ជាមួយគ្នានេះ លោកស្រីក៏អរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់លោកស្រីក្នុងការបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីបម្រើដល់ប្រទេសជាតិ និងជានិច្ចកាលតែងតែផ្តល់នូវដំបូន្មាន និងអនុសាសន៍ណែនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ផងដែរ។
ទន្ទឹមនឹងនោះ លោកស្រីក៏បានថ្លែងអំណរគុណផងដែរដល់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ដែលតែងតែជឿជាក់ និង
ផ្តល់ឱកាសដល់លោកជំទាវបានរៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត។ ក៏ថ្លែងអំណរគុណផងដែរដល់ ឯកឧត្តម លោកជំទាវ បងៗ ដែលបានផ្តល់ដំបូន្មាន និងការណែនាំល្អៗ និងតែងតែលើកទឹកចិត្តដល់លោកជំទាវ។
លោកជំទាវបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បន្តអនុវត្តនូវតួនាទី និងភារកិច្ច ក្នុងនាមជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីសម្រេចអោយបាននូវសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបំរើជាផលប្រយោជន៍ និងបុព្វហេតុ ដល់ប្រទេសជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង សំដៅលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ លើវិស័យការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងឧស្សាហកម្ម ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សូមបញ្ជាក់ផងដែរថា លោកជំទាវ ជ្រឹង បុទុមរង្សីជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េដែលត្រូវបានតែងតាំងព្រមទាំងបំពេញតួនាទីកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនៅពេលថ្មីៗនេះ។
ក្រោយពីទទួលនៅភារកិច្ចជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋកូរ៉េ លោកជំទាវខិតខំបំពេញតួនាទីបានយ៉ាងល្អ។រហូតមកដល់ពេលនេះត្រឹមតែរយៈពេល៧ខែក្រោយពីការខិតខំប្រឹងប្រែងលោកជំទាវបានទទួលនៅពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២ពីក្រុមប្រឹក្សា Korea Consumer Globalដែលជាការឆ្លើយតបព្រមទាំងជាការលើកទឹកចិត្តមួយដ៏មានតម្លៃ ដែលសបញ្ជាក់ថាការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិ មាតុភូមិ និងបម្រើដល់ផលប្រយោជន៍បងប្អូនខ្មែរទាំងអស់៕