AEON Mall Vietnam មានគម្រោងសាងសង់អគារពាណិជ្ជកម្មនៅចំកណ្ដាលទីក្រុង An Van Duong នៃខេត្ត Thua Thien-Hue ដែលគម្រោងមួយនេះនឹងមានឈ្មោះថា AEON Mall Hue សាងសង់លើផ្ទៃដីទំហំ ៨៦ ០០០ ម៉ែត្រការ៉េ ជាមួយការវិនិយោគ ១៧០ លានដុល្លារ។
អាជ្ញាធរប្រចាំតំបន់បានអះអាងមកថា គម្រោងខាងលើគឺ បានអនុញ្ញាតរួចរាល់កាលពីដើមខែឧសភា ហើយនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣ ដើម្បីជាការអបអរគម្រប់ខួបទី ៥០ ឆ្នាំរវាងចំណងសម្ព័ន្ធមិត្តវៀតណាម-ជប៉ុន។
ប្រភពដដែលបានបន្ថែមថា អាជ្ញាធរខេត្ត និង AEON Mall Vietnam បានចុះលិខិតព្រមព្រៀងសម្រាប់ការវិនិយោគមួយនេះ ក្នុងគោលបំណងអូសទាញភ្ញៀវទេសចរណ៍ និងការវិនិយោគពីជប៉ុនមកខេត្ត Thua Thien-Hue។
បញ្ជាក់ដែរថា កាលពីខែមុនអាជ្ញាធរប្រចាំខេត្តខាងលើក៏បានជួបចរចាជាមួយរដ្ឋមន្ត្រីជប៉ុន Yakabe Yoshinori ក្នុងការទាក់ទាញវិនិយោគិនលើផ្នែកទេសចរណ៍ ពាណិជ្ជកម្ម សេវាកម្ម និងបច្ចេកវិទ្យាផ្សេងៗ ស្របពេលពួកគេក៏បានជួបជាមួយអាមេរិកដើម្បីពិភាក្សាការពង្រីកតំបន់សេដ្ឋកិច្ចបៃតងនាពេលអនាគតផងដែរ៕
ប្រភព: Vietnamplus