ចិន សន្យាជួយពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាលើជំនាញសាងសង់ផ្លូវដែក

សង្គម​ និង​សេដ្ឋកិច្ច

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងសាកលវិទ្យាល័យ Beijing Jiao Tong University (BJTU)និងក្រុមហ៊ុន Beijing Urban Construction Group បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាត្រីភាគី ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សបន្ថែមទៀត។ ជាមួយគ្នានេះភាគីចិន បានសន្យានឹងជួយពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាលើជំនាញសាងសង់ផ្លូវដែកបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀង ដែលធ្វើឡើងកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងវិទ្យាស្ថាន សាធារណការ សាកលវិទ្យាល័យចិន(BJTU)និងក្រុមហ៊ុនដ៏ធំរបស់ចិន គឺដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការ ផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក។

បន្ថែមពីនេះទៀត ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក៏បង្ហាញក្តីរំពឹងទុកថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងបីនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសវិស័យសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្នផង និង នាពេលអនាគតផង។

ក្នុងឪកាសនោះដែរ លោក HUANG Taiyan លេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Beijing Jiao Tong University បានលើកឡើងថា សាកលវិទ្យាល័យ BJTU នឹងរង់ចាំការពង្រឹងទំនាក់ទំនងជាមួយវិទ្យាស្ថានសាធារណការ និងក្រុមហ៊ុន Beijing Urban Construction Group ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងការផ្លាស់ប្តូរនិស្សិត និងការចុះកម្មសិក្សា ទស្សនកិច្ច ឯកទេសសាងសង់ ការស្រាវជ្រាវរួមគ្នា និងការបណ្តុះបណ្តាលបច្ចេកទេសផ្លូវដែក។

គួរបញ្ជាក់ដែរថា តាមរយៈចុះអនុស្សរណៈយោគយល់គ្នានេះផងដែរ ភាគីចិន ក៏ប្តេជ្ញាចិត្តបម្រើការអភិវឌ្ឍនលើវិស័យដឹកជញ្ជូនរបស់ប្រទេសចិន និងបានចូលរួមយ៉ាងពេញទំហឹងក្នុងការស្រាវជ្រាវ និងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពិសេសនឹងជួយបណ្តុះបណ្តាលលើផ្នែកវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី សេដ្ឋកិច្ច និងការគ្រប់គ្រង។លើសពីនេះទៀត នាពេលអនាគត សាកលវិទ្យាល័យ(BJTU)នឹងស្វាគមន៍និស្សិតឆ្នើមកម្ពុជាពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បន្ថែមទៀត ដើម្បីទៅសិក្សានៅប្រទេសចិន៕