អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក ចន ហ្កូយយើ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់សភាពាណិជ្ជកម្មអាមេរិក នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា។
កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងការជំរុញធុរកិច្ច និងវិនិយោគអាមរិកកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូន លោក ចន ហ្កូយយើ អំពីការបំពេញទស្សនកិច្ចធុរកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជា មកកាន់សហរដ្ឋអាមេរិក និងជំនួបពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។ អ្នកឧកញ៉ា ប្រធានបានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា រីករាយក្នុងការសហការជាមួយសភាពាណិជ្ជកម្មអាមេរិក ជំរុញទំនាក់ទំនងធុរកិច្ចនិងវិនិយោគរបស់ប្រទេសទាំងពីរ។ ឆ្នាំ២០២២ នេះ គឺជាឆ្នាំដ៏ប្រសើរ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ជាពិសេស ការរៀបចំកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន ដែលប្រព្រឹត្តទៅនៅសេតវិមាន គឺស្តែងបង្ហាញឲ្យឃើញពីនិមិត្តរូបនៃទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ។ ក្នុងបរិការនេះ អ្នកឧកញ៉ា ប្រធាន បាន៖
១)ស្នើដល់សភាពាណិជ្ជកម្មអាមេរិកពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មទាំងពីរ ២)អញ្ជើញសភាពាណិជ្ជកម្មអាមេរិករៀបចំទស្សនកិច្ចធុរកិច្ចជាទៀងទាត់ទៅកាន់កម្ពុជា និងពីកម្ពុជាមកអាមេរិក
៣) ស្នើសភាពាណិជ្ជកម្មអាមេរិកសហការ និងគាំទ្រ ដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រពឹត្តទៅនាខែវិច្ឆិកាខាងមុខ។
បន្ថែមពីលើនេះ អ្នកឧកញ៉ា ប្រធាន បានស្នើឲ្យមានសកម្មភាពរួមគ្នារវាងសភាពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញ ធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងមានកំណើនជាងមុន។ អ្នកឧកញ៉ា ប្រធាន បានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រនៅកម្ពុជា ដែលអាចនាំចេញផលិតផលទៅកាន់ទៅទីផ្សារពិភពលោក ឬទីផ្សារអាមេរិក ក្នុងអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី។
លោក ចន ហ្កូយយើ មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់ អ្នកឧកញ៉ា គិត ម៉េង និងបានបញ្ជាក់ថា អាមេរិក មានបំណងធ្វើពិពិធកម្មការផលិតរបស់ខ្លួននៅក្នុងបណ្តារប្រទេសអាស៊ាន ហើយកម្ពុជា គឺជាគោលដៅដ៏សំខាន់មួយ មិនត្រឹមតែថ្លៃដើមទាបទេ ថែមទាំងគុណភាពខ្ពស់ទៀត។ ហេតុនេះ លោកស្នើឲ្យរោងចក្រសហគ្រាសកម្ពុជា គួរពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីអាចតភ្ជាប់ទៅក្នុងខ្សែច្រវាក់តម្លៃបន្ថែមខ្ពស់។ សភាពាណិជ្ជកម្មអាមេរិក នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕