កាលពីពេលថ្មីៗនេះ រដ្ឋបាលប្រទេសស្រីលង្កាបានប្រកាសថា នឹងចាត់តាំងលោក Ranil Wickremesinghe មកកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Mahinda Rajapaksa ដែលបានលាលែងតំណែងកាលពីដើមសប្ដាហ៍នេះ។
បុរសដែលត្រូវមកចូលកាន់តួនាទីជំនួសបងប្រុសប្រធានាធិបតីខាងលើ គឺធ្លាប់ទទួលបន្ទុកមួយនេះ ៥ ជំនាន់មកហើយ ខណៈសារនេះគឺជាលើកទី ៦ នៃការក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា ខណៈកន្លងមកលោកកាន់តួនាទីពុំដែលជាប់អាណត្តិឡើយ។
យ៉ាងណា ការចូលមកកាន់តំណែងសំខាន់មួយនៅជួររដ្ឋាភិបាលរបស់បុរសវ័យ ៧៣ ឆ្នាំ ហាក់មិនសូវទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋឡើយ ដ្បិតពួកក្រុមបាតុករជឿថា Wickremesinghe គឺមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងគ្រួសារត្រកូល Rajapaksa ហើយការកាន់តំណែងរបស់លោកនេះ គឺដើម្បីតែធានាសុវត្ថិភាពរបស់ក្រុមគ្រួសារប្រធានាធិបតីប៉ុណ្ណោះ។
បើទោះជាប្រជាពលរដ្ឋបានបង្ហាញការមិនពេញចិត្តខ្លាំងបែបណាក្ដី តែការធ្វើសម្បថសច្ចាចូលកាន់តំណែងរបស់លោកបានបញ្ចប់ជាស្ថាពរ ហើយលោកបានសន្យាថា នឹងដោះស្រាយវិបត្តិសេដ្ឋកិច្ចឲ្យបានក្នុងពេលឆាប់ៗនេះ។
បញ្ជាក់ដែរថា លោក Wickremesinghe គឺជាថ្នាក់ដឹកនាំមួយរូបមកពីគណបក្សប្រឆាំង ខណៈមូលហេតុចំបងដែលប្រជាពលរដ្ឋមិនពេញចិត្តជាមួយនាយករដ្ឋមន្ត្រីថ្មីរូបនេះ គឺដោយសារលោកមានទំនាក់ទំនងល្អជាមួយគ្រួសារប្រធានាធិបតី បើទោះជាលោកជាថ្នាក់ដឹកនាំគណបក្សប្រឆាំង ស្របពេលប្រជាពលរដ្ឋយល់ឃើញថា លោកគឺគ្រាន់តែជាខែលការពារគ្រួសារ Rajapaksa តែប៉ុណ្ណោះ៕
ប្រភព: BBC