ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ដែលជាសាខារបស់ក្រុមហ៊ុន CP របស់មហាសេដ្ឋីថៃ Chearavanont បានបើក សម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពត ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
ការបើករោងចក្រផលិតអាហារស្តង់ដារដ៏ធំនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ ក្រោមការចូលរួមពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសសំខាន់ៗជាង ១ ០០០ នាក់។
លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់បានឲ្យដឹងថា ការបង្កើតរោងចក្រផលិតចំណីអាហារនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជាឱ្យមានស្តង់ដារអន្តរជាតិ និងដើម្បីឱ្យប្រជាជនកម្ពុជាទទួលទានអាហារដែលមានគុណភាព អនាម័យ នឹងដែលជាផលិតផលផលិតក្នុងស្រុក។
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយនឹងចក្ខុវិស័យ “ផ្ទះបាយពិភពលោក”។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុន ស៊ីភី បានរួមចំណែកក្នុងការផ្គត់ផ្គង សាច់ស្រស់ ផលិតផលចំណីអាហារ ដែលមានអនាម័យ និងតម្លៃសមរម្យ និងបង្កើតទីផ្សារនៅកម្ពុជា ហើយក្រុមហ៊ុនជួយបានទិញ ដំណាំកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ ពីប្រជាជនកម្ពុជា។
សម្តេចក៏បានស្នើឲ្យក្រុមហ៊ុនជួយបន្តគាំទ្រ និងបង្កើតរោងចក្រផលិតចំណីអាហារបន្ថែមទូទាំប្រទេស និងផ្ដល់បច្ចេកទេស ចំណេះដឹង ដល់ស្ថាប័នក្រសួងនានា ប្រជាជនផងដែរ។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺ អាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្ វ(Farm) និងអាជីវកម្មចំណីអាហារ (Food)៕