កម្ពុជាមានរោងចក្រដំឡើងកង់ចំនួន៥ សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា បានជាប់លេខ១ នៅអាស៊ាន ក្នុងជំនួញនាំចេញកង់ ហើយ៤ខែឆ្នាំនេះទទួលចំណូលជាង៣០៦លានដុល្លារ។ គិតមកដល់ពេលបច្ចុប្បនេះ កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ សម្រាប់នាំចេញទៅកាន់ទីផ្សាពិភពលោក។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖
ទី១៖ A AND J (CAMBODIA) CO.,LTD. ទី២៖ SPEEDTECH INDUSTRIAL CO., LTD.ទី៣៖ SMART TECH (CAMBODIA) CO.,LTD.ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD និងទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

លោក ស៊ាង ថៃ លោកបន្តថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។

គួរបញ្ជាក់ថា ការនាំចេញកង់កម្ពុជា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ សរុបទឹកប្រាក់៣០៦,៤៧៤,១១៤ដុល្លារ កើនឡើង៥៤ភាគរយ ដែលរួមមាន៖ អាមេរិក ១២៩,៣៤៤,០៥០ដុល្លារ, អាល្លឺម៉ង់ ៤៧,៩៩២,២៨៩ដុល្លារ, បែលហ្ស៊ីក ៤៧,០៦៩,៨៥២ដុល្លារ, អង់គ្លេស ២៣,៨៩៣,៣៤៦ដុល្លារ និងហូឡង់ ១២,២៤០,២៥៧ដុល្លារ។

ដោយឡែក ការនាំចូលកង់វិញក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ សរុបទឹកប្រាក់២,០៣២,១២៨ដុល្លារ ថយចុះ១៤ភាគរយ ដែលរួមមាន៖ ជប៉ុន ៣,៧៤២,៥១៦ដុល្លារ, ចិន ៦៩៦,៥០៤ដុល្លារ , វៀតណាម ៤៣៥,៥៣៦ដុល្លារ, ថៃ ១៣៦,៨៦៦ដុល្លារ និងសហរដ្ឋអាមេរិក ១៥,២៨៣ដុល្លារ។
កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕ អត្ថបទ៖ រង្សី