ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វា ប្រមុខរាជរដ្ឋាភិបាល បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រៀមបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា ខណៈក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ មិនទាន់ចាប់ផ្តើមសាងសង់រោងចក្រផលិតនៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖«រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវមើលក្រុមហ៊ុនដែលទទួល អាជ្ញាប័ណ្ណ(Licence) ក្នុងការធ្វើរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវអោយក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ។ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។ ក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។
សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជន មិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបាន ក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាច យករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»។
កាលពីខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នឹងបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ «ស៊ីណូហ្វាម» របស់ប្រទេសចិននៅកម្ពុជា នាឆ្នាំ២០២២នេះ។
សម្តេចបញ្ជាក់ពេលនោះថា រដ្ឋាភិបាលនិងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនបានគាំទ្រនិងយល់ព្រមផ្ដល់សិទ្ធិឱ្យកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំង ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិផលិតក៏បានចុះហត្ថលេខាព្រមព្រៀងហើយដែរ៕