នាយករដ្ឋមន្ត្រីថ្មីបារាំង ជាមនុស្សវក់នឹងការងារ ហើយ​ធ្លាប់​សាងស្នាដៃធំៗនៅក្រសួងការងារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ លោក Jean Castex បាន​ប្រកាស​សុំ​ចុះចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បារាំង បន្ទាប់​ពី​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក Macron។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ ប្រធានាធិបតី​បារាំង​ខាងលើ​បាន​ចាត់​តាំង​លោកស្រី Elisabeth Borne ដែល​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួងការងារ ឲ្យ​មក​ស្នងតំណែង​របស់​លោក Castex ខណៈ​ការ​តែងតាំង​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​លោកស្រី Borne ក្លាយ​ជា​ស្ត្រី​ទី ២ ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ។

ជាមួយ​នឹង​ការ​ឡើង​កាន់តំណែង​របស់​លោកស្រី​វ័យ ៦១ ឆ្នាំ​ខាងលើ អតីត​នាយករដ្ឋមន្ត្រី​លោកស្រី Cresson ក៏​បាន​បញ្ចេញ​ការ​គាំទ្រ និង​បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​សម្រាប់​ការ​តែងតាំង​មនុស្ស​ស្រី​ចំពោះ​តំណែង​ដ៏​សំខាន់​មួយ​នេះ​ផង​ដែរ។

ប្រាប់​ទៅ​កាន់ BFM លោកស្រី Cresson និយាយ៖ “វា​គួរ​តែ​ដល់​ពេលហើយ សម្រាប់​ស្ត្រី​ម្នាក់​ទៀត​មក​អង្គុយ​តំណែង​មួយ​នេះ ហើយ​ខ្ញុំ​ដឹង​ថា លោកស្រី Borne គឺ​ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ និង​បទពិសោធន៍​ក្រាស់ក្រែល។ ខ្ញុំ​ជឿ​ថា​នេះ​គឺ​ជា​ការ​សម្រេច​​ចិត្ត​ដ៏​ត្រឹមត្រូវ”។

រំលឹក​ពី​ប្រវត្តិ​ត្រួសៗ​របស់​លោកស្រី Borne បន្តិច មុន​នឹង​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោកស្រី​ធ្លាប់​ធ្វើការ​នៅ​ក្រសួង​បរិស្ថាន​បាន​មួយ​រយៈ​នៅ​ឆ្នាំ ២០១៩ ហើយ​អំឡុង​ពេល​បម្រើការ​នៅ​ក្រសួង​ការងារ​ លោកស្រី​បាន​កសាង​ស្នាដៃ​ជាច្រើន។

ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោកស្រី អត្រា​អត់​ការងារ​បាន​ធ្លាក់​មក​នៅ​ចំណុច​ទាប​បំផុត​ក្នុង​រយៈកាល ១៥ ឆ្នាំ​ចុងក្រោយ ស្របពេល​អត្រា​យុវជន​គ្មាន​ការងារ​ធ្លាក់​មក​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុងក្រោយ ហើយ​បើតាម​ការ​ឲ្យដឹងអតីតបុគ្គលិក​របស់​លោកស្រី​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោកស្រី​ Borne ជាមនុស្ស​វក់​នឹង​ការងារ ហើយ​មានថ្ងៃខ្លះធ្វើការដាច់យប់​ដល់​ម៉ោង ៣ ភ្លឺ ហើយ​ម៉ោង ៧ ព្រឹក​បន្តការងារក៏​មាន​ដែរ។

ងាក​មក​ស្ថានការណ៍​បច្ចុប្បន្ន​វិញ បទពិសោធន៍​លើ​ផ្នែក​ការងារ​របស់​លោកស្រី​នឹង​ជួយ​ដល់​ប្រធានាធិបតី​ Macron ក្នុង​ការ​អភិវឌ្ឍន៍ និង​កែច្នៃ​ប្រទេស​ឲ្យ​កាន់​តែ​ប្រសើរ ខណៈ​ការងារ​តំបូង​ដែល​ស្ត្រី​រូបនេះ​នឹង​កាន់កាប់ ប្រឆាំង​នឹង​ការ​តំឡើង​អាយុ​ចូល​និវត្តន៍​របស់​ប្រជាជន​បារាំង​នៅ​វ័យ ៦៥ ឆ្នាំ​៕

ប្រភព: France24