នៅថ្ងៃអង្គារទី ១៧ ឧសភានេះ រដ្ឋាភិបាលស្រីលង្កាបានជួបប្រជុំសភាជាលើកដំបូង បន្ទាប់ពីមានករណីផ្ទុះអំពើហិង្សាកាលពីសប្ដាហ៍មុន ស្របពេលនាយករដ្ឋមន្ត្រីថ្មីស្រីលង្កាបង្ហើបថា ប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។
លោក Ranil Wickremesinghe ជានាយករដ្ឋមន្ត្រីថ្មី បាននិយាយប្រាប់តាមរយៈទូរទស្សន៍កាលពីថ្ងៃច័ន្ទថា ប្រទេសដីកោះមួយនេះត្រូវតែប្រឈមនឹងការពិតដែលគួរឲ្យបារម្ភមួយនេះ គឺកង្វះខាតប្រេង និងអគ្គិសនី។
“ពេលនេះ ពួកយើងគឺមានសល់ប្រេងក្នុងស្តុកអាចផ្គត់ផ្គង់បានត្រឹមរយៈពេល ១ ថ្ងៃប៉ុណ្ណោះ ហើយរយៈពេលប៉ុន្មានខែខាងមុខ នឹងក្លាយជាពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិតរបស់យើង”។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីស្រីលង្កា។
បញ្ជាក់ដែរថា ទុនបម្រុងជាតិរបស់ប្រទេសមួយនេះ គឺស្ទើរតែមិនសល់លុយ ខណៈកាលពីចុងឆ្នាំ ២០១៩ ពួកគេមានថវិកាបម្រុង ៧,៥ ពាន់លានដុល្លារ ស្របពេលពួកគេត្រូវការលុយប្រមាណ ៧៥ លានដុល្លារក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីអាចបន្តដង្ហើមសេដ្ឋកិច្ច។
ដោយឡែក អគ្គិសនីនឹងអាចផ្ដាច់រហូតដល់ ១៥ ម៉ោងក្នុងមួយថ្ងៃ ដោយសារកង្វះខាតផ្នែកប្រេង ដែលភាគច្រើនគឺជាការនាំចូលពីបរទេស៕
ប្រភព: CNA