ក្លិបបាល់ទាត់ភ្នំពេញក្រោន នៅមិនទាន់ប្រកាសជាផ្លូវការចំពោះបេក្ខភាពប្រធានក្លិបថ្មីនោះទេ បន្ទាប់ពីម្ចាស់ក្លិបចាស់របស់ខ្លួន ឧកញ៉ា ឬទ្ធី សំណាង បានទទួលមរណាភាព កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយសារជំងឺប្រចាំកាយ។
យ៉ាងណាក្តី ប្រភពជិតស្និទ្ធរបស់ក្លិបភ្នំពេញក្រោន បានបង្ហើបឱ្យដឹងថា ប្រធានក្លិបថ្មីជាអ្នកណានោះ អាចនឹងដឹងក្នុងពេលដ៏ខ្លីខាងមុខ នៅពេលដែលកម្មវិធីបុណ្យឧកញ៉ា ឬទ្ធី សំណាង ចប់សព្វគ្រប់ ១០០%។ សម្រាប់អ្នកស្នេហាវិស័យបាល់ទាត់ បុគ្គលិករបស់ក្លិប និងអ្នកគាំទ្រក្លិបដែលមានរហស្សនាម សឹង្ហក្រហម គឺគាំទ្រពេញទំហឹងចង់ឱ្យលោកជំទាវ ភូ ឈាលីន ភរិយាលោកឧកញ៉ា ឬទ្ធី សំណាង ជាអ្នកឡើងដឹកនាំបន្ត ដើម្បីបន្តបេសកកម្មបង្កើតប្រវត្តិសាស្ត្រថ្មីៗ និងបន្តកេរដំណែលរបស់លោកឧកញ៉ាតទៅទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នក្លិបបាល់ទាត់នៅកម្ពុជា មានប្រធានក្លិបជាស្ត្រីតែ២នាក់ប៉ុណ្ណោះគឺ៖ ទី១ អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត (ឡើងដឹកនាំតាំងពីឆ្នាំ២០១៨មក), ទី២ លោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា (ភរិយាឯកឧត្តម ស សុខា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា) ហើយលោកជំទាវបានឡើងដឹកនាំក្លិបវិសាខានេះ កាលចុងឆ្នាំ២០១៨។ ដូច្នេះបើលោកជំទាវ ភូ ឈាលីន ឡើងដឹកនាំក្លិបភ្នំពេញក្រោន នោះនឹងក្លាយជាស្ត្រីទី៣ ដែលកាន់តំណែងជាប្រធានក្លិបបាល់ទាត់នៅកម្ពុជា៕