តាមរយៈជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា កាលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើទៅកាន់សមាគមអ្នកផលិតចំណីអាហារកម្ពុជាឲ្យជួយគៀងគរសមាជិកមកចុះបញ្ជីតាមច្បាប់បន្ថែមទៀត។
បើតាមលោក ចម ប្រសិទ្ធ ការបង្កើតសមាគមអ្នកផលិតចំណីអាហារនេះឡើង ពីព្រោះជាវិស័យដ៏សំខាន់ទាក់ទងនិងជីវភាពប្រចាំថ្ងៃ និងវិស័យខ្លះបានចូលរួមក្នុងស្តុកយុទ្ធសាស្ត្រចំណីអាហាររបស់ប្រទេសផងដែរ។
លោកកបញ្ជាក់ថា តាមការសម្រង់ស្ថិតិសហគ្រាសមីក្រូធនតូចនិងមធ្យមនៅកម្ពុជាមានប្រមាណជាង ៥សែនមូលដ្ឋាន ក្នុងនោះផ្នែកផលិតចំណីអាហារមានរាប់ម៉ឺនមូលដ្ឋានផងដែរ ក៏ប៉ុន្តែការចុះបញ្ញីទទួលស្គាល់តាមច្បាប់ទើបបានជាង២ម៉ឺនមូលដ្ឋានអាជីវកម្មប៉ុណ្ណោះ។ ហេតុនេះ លោកបានស្នើឲ្យសមាគមជួយកៀរគរសមាជិកឲ្យបានច្រើនថែមទៀត ព្រមទាំងមកចុះបញ្ជីទទួលស្គាល់តាមច្បាប់ ពីព្រោះបច្ចុប្បន្នត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលជាងមុនច្រើនណាស់ ។
លោករដ្ឋមន្រ្តីអះអាងថា ផលប្រយោជន៍នៃការចូលជាសមាជិកសមាគម គឺក្រៅពីងាយស្រួលលើការងារីគ្រប់គ្រង គឺយើងបានចែករំលែកនូវព័ត៌មានទីផ្សារ ការងារបណ្តុះបណ្តាល ហើយសមាគមមានសិទ្ធអំណាចតវាជាសមូហភាព សម្រាប់ផលប្រយោជន៍ក្រុមរបស់ខ្លួន ជាមួយរដ្ឋាភិបាលផងដែរ។
ចំណែកឯ លោក មេវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បញ្ជាក់ដែថា បច្ចុប្បន្នសមាគមមានសមាជិកចូលរួមជាង៥០មូលដ្ឋានអាជីវកម្ម។ លោកថា សមាគមបច្ចុប្បន្នជួបបញ្ហា និងកត្តារាំងស្ទះមួយចំនួន ដែលមិនមែនជាបញ្ហារាំងស្ទះ ខ្សែសង្វាក់ផលិតកម្មនោះទេ តែបញ្ហា និងកត្តារាំងស្ទះទាំងអស់នោះ ជាការអនុវត្តតាមបញ្ញតិកម្ម បទដ្ឋានគតិយុត្ត នីតិវិធី ស្តង់ដារ បច្ចេកទេស និងភាពអនុលោម ដែលត្រូវការមានការពិគ្រោះយោបល់ ការណែនាំ និងបណ្តុះបណ្តាលបន្ថែម៕