ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សហគ្រិនខ្មែរ (Khmer Enterprise) នឹងរៀប ចំកម្មវិធីប្រឡងប្រណាំងវីដេអូក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព”រដូវកាលទី១ ឆ្នាំ២០២២ ។
បើតាមក្រសួងទេសចរណ៍ បានអោយដឹងថា ការរៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូ នេះ គឺដើម្បីជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការផ្សព្វផ្សាយសក្តានុពល សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ ក្រោមទស្សនទាន “ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី”។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏កំណត់គោលដៅសហគមន៍ចំនួន៥ ដាក់បញ្ចូលក្នុងកម្មវិធីប្រឡងប្រណាំងនេះ ដែលរួមមាន៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍ចង្ក្រាន្តរយ ក្នុងខេត្តសៀមរាប សហគមន៍ទេសចរណ៍ស្រែអំពិល ក្នុងខេត្តកំពង់ឆ្នាំង សហគមន៍ទេសចរណ៍រាំងខ្វាវ ក្នុងខេត្តពោធិ៍សាត់ និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងខេត្តបាត់ដំបង។
សម្រាប់រង្វាន់ជ័យលាភី ក្រសួងទេសចរណ៍ ក៏ប្រកាសផ្តល់ជូន ជ័យលាភីលេខ១៖ ពានមួយ និងប្រាក់រង្វាន់ ៦ លានរៀល លេខ២៖ ពានមួយ និងប្រាក់រង្វាន់ ៤ លានរៀល និងលេខ៣៖ ពានមួយ និងប្រាក់រង្វាន់ ២ លានរៀល ៕