ក្រុមហ៊ុនរបស់ឥណ្ឌា ជួបរដ្ឋមន្ត្រី​កសិកម្មកម្ពុជា ដើម្បីណែ​នាំ​​​​​​ពីទំនើប​កម្មកសិកម្ម​ដោយ​ប្រើ​បច្ចេកវិទ្យា​​ចុងក្រោយ

សង្គម​ និង​សេដ្ឋកិច្ច

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក SANJAY C. KiRLOSKAR នាយក និងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌានិង​សហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ក្រុមហ៊ុន A Kirloskar Group Company គឺក្នុងគោលបំណង​ ដើម្បីស្នើ​សុំការ​ណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហ​កម្ម ឈើ​​ហូបផ្លែ បន្លែ និងការ​ចិញ្ចឹមសត្វ ដោយប្រើប្រាស់បច្ចេ​កវិទ្យា​ទំនើបចុងក្រោយរបស់ឥណ្ឌា។

បន្ទាប់ពីបានស្តាប់ដោយសង្ខេបអំពីគោលបំណងរបស់ក្រុមហ៊ុនរួចមក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រលើ​គោលបំណងរបស់ក្រុមហ៊ុន ដោយបានបញ្ចេញទស្សន:​ចំបង​ពីរ​សំខាន់នោះគឺ ៖ ១- អាចជួយកាត់បន្ថយថ្លៃដើមផលិត ដែលត្រូវចំណាយរបស់កសិករ និង២- មាន​លក្ខណ:​ងាយ​ស្រួលប្រើ សមស្របទៅ​តាមបរិបទនៃការវិវឌ្ឍន៍​រីកចម្រើនផ្នែក​បច្ចេកវិទ្យាកសិកម្ម (Modern agriculture technol​ogy)​ និងភាតរបរិស្ថាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារកំណើនប្រជាជន សេចក្តីត្រូវការស្បៀង​ទាំង​​បរិ​មាណ និងគុណភាព​កាន់តែកើន​ឡើងជាបន្តបន្ទាប់ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ហើយនេះគឺជាហេតុផលដែល​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ និងវិស័យឯកជន​ប្រើប្រាស់​បច្ចេកវិទ្យាកសិកម្មទំនើប ។

សម្រាប់គម្រោងនេះ លោករដ្ឋមន្ត្រី មានក្តីសង្ឃឹមថា នឹងចូលរួមចំណែកធ្វើឲ្យគោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០២២ -២០៣០ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អាចឈានទៅ​ដល់​គោល​ដៅតាមផែនការដែលបានគ្រោងទុក​គឺប្រែក្លាយ​ប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

កិច្ចការស៊ីជម្រៅទាក់ទងបច្ចេកទេស និងការអនុវត្តជាក់ស្តែង លោករដ្ឋមន្ត្រីបានណែនាំ​ឲ្យក្រុមហ៊ុន​បន្តធ្វើកិច្ចការ​នេះ​ជាមួយ​​អគ្គនាយកដ្ឋានកសិកម្ម ដោយឡែកក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ​បន្ថែមតាមការចាំបាច់ ដើម្បី​ឲ្យគម្រោង​នេះ​ដំណើរ​ការទៅដោយរលូន និងទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន បានបង្ហាញពីឆន្ទ:ថា ក្រុមការងារបច្ចេកទេសនឹងខិតខំធ្វើឲ្យគ្រោងនេះ បាន​ដំណើរការ​ក្នុងពេលឆាប់ៗខាងមុខ ឆ្លើយតបសេចក្តីត្រួវការរបស់កសិករបានទាន់ពេល ហើយ​​សង្ឃឹមថា កសិករនឹងទ​ទួល​បាន​ប្រយោ​ជ​ន៍​យ៉ាង​ច្រើនពីបច្ចេក​វិទ្យាទំនើបមួយនេះ ៕