អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យទឹកមានគុណភាពស្អាតល្អ មុននឹងហូរចូលទៅដងទន្លេសាប។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងាររវាង លោក ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២២ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញដោយបានកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ លោក ស្នើសុំអោយ បារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ទោះបីជួយជាកម្ចីឬក៏ជាជំនួយឥតសំណងក្តី។
ក្នុងឳកាសនោះ លោក ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។
លោក ហ្សាក់ ប៉ឺឡេ ក៏បាន ស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវសំណង់បេតិកភណ្ឌ ចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ អោយមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ ៕