លោក Kenji Okamura អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានអបអរសាទរចំពោះការងើបឡើង នៃសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២១កន្លងមក និងទស្សនវិស័យវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៣។ លោកក៏បានបង្ហាញភាពរីករាយដែលបានឃើញពីអត្ថប្រយោជន៍នៃជំនួយបច្ចេកទេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិចំពោះកម្ពុជា និងបង្ហាញជំហរគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ការអភិវឌ្ឍកម្ពុជាផងដែរ។
ការដែលបង្ហាញសុទិដ្ឋិនិយមចំពោះការងើបឡើងវិញ និងទស្សនវិស័យវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា បែបនេះធ្វើឡើងក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួនពីថ្ងៃគឺថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិនិងកម្ពុជា ហើយលោក Kenji Okamura បានជួបពិភាក្សាការងារជាមួយលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។
ទន្ទឹមនឹងនោះ លោក Kenji Okamura បានកោតសរសើរ ចំពោះវិធានការគ្រប់គ្រង់ការរាលដាលជំងឺកូវី១៩នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ច និងសង្គម របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។
ជាមួយគ្នានេះដែរ លោក ស៊ុំ សន្និសិទ្ធ ក៏បានប្រាប់ទៅកាន់គណៈប្រតិភូ មូលនិធិរូបិយវត្ថុអន្តរជាតិពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់ការគាំទ្រ ជាពិសេសផ្តល់ជំនួយបច្ចេកទេស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០មក។
លោកទេសាភិបាលរងរូបនេះ ក៏បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបន្តដើរតួនាទីយ៉ាងសំខាន់ ទាំងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ព្រមទាំងបានពង្រឹងការតាមដានសុខភាពសេដ្ឋកិច្ចកម្ពុជាជាប្រចាំ។
យ៉ាងណាបើតាម លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់ IMF បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយសារការបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញបានឆាប់រហ័សដែលអំណោយផល ដល់វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ច កំណើនលឿននៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ។ ភាពធន់នៃវិស័យអចលនទ្រព្យ ជាពិសេសពីតម្រូវការក្នុងស្រុក និងការបន្តទទួលការគាំទ្រពីគោលនយោបាយសារពើពន្ធ និងវិធានការម៉ាក្រូហិរញ្ញវត្ថុ។
ទោះយ៉ាងណា លោកថា កម្ពុជាក៏កំពុងប្រឈមនឹងឥទ្ធិពលជាសកលមួយចំនួនផងដែរ រួមមាន៖ វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការថយចុះនៃតម្រូវការពីតំបន់អឺរ៉ុប។ កំណើនយឺតនៃសេដ្ឋកិច្ចចិនដោយសារគោលនយោបាយទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្ថានភាពវិស័យអចលនទ្រព្យ។ កំណើនអតិផរណា ជាពិសេសនៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងម្ហូបអាហារ។
ការដកចេញនូវគោលនយោបាយរូបិយវត្ថុវិត្ថារកម្មលឿនជាងការរំពឹងទុក ដោយធនាគារកណ្ដាលនៃប្រទេសផ្សេងៗ៕