ក្រុមហ៊ុន​ឥណ្ឌា​ជួប​មន្រ្តីកម្ពុជា ណែនាំ​​បច្ចេកទេស​ប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា បាន​ជួប​រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា​ ដើម្បី​ស្នើសុំការណែនាំលើកម្មវត្ថុនៃការធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហកម្ម ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក SANJAY C. KiRLOSKAR នាយកនិងអ្នកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន A Kirloskar Group Company ​បាន​ឲ្យ​ដឹង​ថា តាម​រយៈការ​ប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប អាចជួយកាត់បន្ថយថ្លៃដើមផលិត ដែលត្រូវចំណាយរបស់កសិករ និង​មានលក្ខណ:ងាយស្រួលប្រើ សមស្របទៅតាមបរិបទនៃការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម (Modern agriculture technology) និងភាតរបរិស្ថាន។

លោកនាយកក្រុមហ៊ុនបានបង្ហាញពីឆន្ទ:ក្រុមការងារបច្ចេកទេស នឹងខិតខំធ្វើឲ្យគ្រោងការ​នេះ ដំណើរការក្នុងពេលឆាប់ៗខាងមុខ ឆ្លើយតបសេចក្តីត្រួវការរបស់កសិករបានទាន់ពេល ហើយលោកសង្ឃឹមថា នឹងទទួលបានប្រយោជន៍យ៉ាងច្រើនពីបច្ចេកវិទ្យាទំនើបមួយនេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ដោយសារកំណើនប្រជាជន សេចក្តីត្រូវការស្បៀងទាំងបរិមាណ និងគុណភាពកាន់តែកើនឡើងជាបន្តបន្ទាប់ ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ហើយនេះគឺជាហេតុផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ និងវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប។

សម្រាប់គម្រោងនេះ លោក​រដ្ឋមន្ត្រីសង្ឃឹមថា នឹងចូលរួមចំណែកធ្វើឲ្យគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម (ការធ្វើទំនើបកម្មកសិកម្ម) ២០២២ -២០៣០ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចឈានទៅដល់គោលដៅតាមផែនការដែលបានគ្រោងទុកគឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

យ៉ាងណាមិញ ទាក់ទង​កិច្ចការស៊ីជម្រៅទាក់ទងបច្ចេកទេស និងការអនុវត្តជាក់ស្តែង លោក​រដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនបន្តធ្វើកិច្ចការជាមួយអគ្គនាយកដ្ឋានកសិកម្ម ហើយ​ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការបន្ថែមតាមការចាំបាច់ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕