រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទីផ្សារកាក់ឌីជីថល Cryptocurrency កំពុងមានសភាពធ្លាក់ចុះជាខ្លាំង ដែលគ្រប់គ្នាហៅស្ថានការណ៍ពេលនេះថា Bear Market ដែលមានន័យថា តម្លៃស្ទើរគ្រប់កាក់នៅលើទីផ្សារធ្លាក់ចុះសឹងតែទាំងអស់។
ក្នុងចំណោមកាក់ដែលកំពុងធ្លាក់ចុះទាំងអស់ កាក់មួយឈ្មោះថា Terra Luna គឺហាក់ធ្លាក់ខ្លាំងទប់សឹងមិនជាប់ ពោលរយៈពេលត្រឹម ១០ ថ្ងៃប៉ុណ្ណោះ តម្លៃរបស់វាធ្លាក់ពីជិត ៦០$/កាក់ មកសល់ត្រឹម ០,០០០១៧/កាក់តែប៉ុណ្ណោះ។
ការធ្លាក់ចុះដ៏មិននឹកស្មានដល់មួយនេះ បានធ្វើឲ្យស្ថាបនិក Binance លោក Chanpeng Zhao ទទួលរងការខូចខាតធ្ងន់ធ្ងរគួរសម ពោលលោកក៏ជាអ្នក Hold កាក់ Luna ដ៏ធំមួយរូបផងដែរ ពោលកាលពីខែមេសា តម្លៃកាក់ Luna ដែលមហាសេដ្ឋីម្នាក់នេះមានក្នុងដៃគឺប្រមាណ ១,៦ ពាន់លានដុល្លារ តែមកទល់បច្ចុប្បន្នគឺនៅសល់តែ ២ ២០០ ដុល្លារតែប៉ុណ្ណោះ។
ក្រៅពីលោក Zhao អ្នកដែលទទួលរងការខូចខាតយ៉ាងធំម្នាក់ទៀតគឺ Youtuber ល្បីឈ្មោះ KSI ដោយបុរសម្នាក់នេះបានចំណាយលុយប្រមាណជាង ៣ លានដុល្លារសម្រាប់ការវិនិយោគលើកាក់ Luna តែដោយសារតម្លៃវាធ្លាក់ចុះ ដូច្នេះបច្ចុប្បន្ន KSI សល់លុយប្រមាណជាង ១ ០០០ ដុល្លារប៉ុណ្ណោះនៃតម្លៃសរុបរបស់កាក់ឌីជីថលមួយនេះ។
បញ្ជាក់ដែរថា លោក Chanpeng Zhao គឺជាមហាសេដ្ឋីមួយរូបដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤,៨ ពាន់លាដុល្លារ ខណៈទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខាងលើប្រហែល ៧០% គឺជាភាគហ៊ុនសរុបរបស់ Binance៕
ប្រភព: Insider