កាលពីថ្ងៃទី១៨ ខែឧសភា អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ គឹម ឡេង ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីឡើងភូមិគ្រឹះលម្ហែដ៏ស្កឹមស្កៃលើកំពូលភ្នំបូកគោ។ កម្មវិធីឡើងភូមិគ្រឹះដ៏ឱឡារឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកមុខអ្នកការ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។
ក្នុងពិធីឡើងភូមិគ្រឹះនេះដែរ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ គឹម ឡេង និងក្រុមគ្រួសារ ក៏បានរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន២៦៨អង្គផងដែរ។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប សាងសង់ឡើងនៅលើកំពូលភ្នំ និងចំទីតាំងគួរជាទីមនោរម្យខ្លាំងមែនទែន។ នៅជុំវិញភូមិគ្រឹះរបស់ អ្នកឧកញ៉ា ហ៊ុំព័ទ្ធទៅដោយធម្មជាតិយ៉ាងស្រស់បំព្រង នៅពីចំហៀងជាប់នឹងមាត់បឹង និងព្រៃភ្នំយ៉ាងស្រស់ស្អាត និងគួរឱ្យចង់រស់នៅក្រៃលែង។
ការសាងសង់ភូមិគ្រឹះលម្ហែ ក្នុងគម្រោងអភិវឌ្ឍន៍រមនីយដ្ឋានបូកគោនេះឡើង មហាសេដ្ឋីលំដាប់ជួរមុខ និងជាអ្នកវិនិយោគិនដ៏ល្បីឈ្មោះ និងចាស់វស្សានៅកម្ពុជា អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានបង្ហើបឱ្យដឹងជាសាធារណៈថា លោកនឹងបន្តការងារវិនិយោគ និងអភិវឌ្ឍទីក្រុងបូកគោបន្ថែមទៀត ដើម្បីប្រែក្លាយមុខមាត់រមណីយដ្ឋានធម្មជាតិមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ និងចូលរួមលើកស្ទួយតំបន់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ ដ៏លេចធ្លោនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កន្លងមក អ្នកឧកញ៉ា ក៏ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនលោក បានវិនិយោគ និងអភិវឌ្ឍនលើរមណីយដ្ឋានបូកគោ និងទីក្រុងបូកគោនេះ អស់ថវិកាប្រមាណជាង ៥០០លានដុល្លារអាមេរិករួចហើយ ខណៈដែលទំហំនៃការចំណាយសរុប ក្នុងផែនការមេ អាចនឹងកើនឡើងចន្លោះពី ២០ ទៅ៣០ពាន់លានដុល្លារនាពេលអនាគត ដោយសារទីក្រុងនេះមានទំហំធំ មានផ្ទៃដីរហូតដល់ជាង ៣០,០០០ ហិកតា នឹងត្រូវចំណាយពេលអភិវឌ្ឍចាប់ពី ២០ ទៅ៣០ឆ្នាំ ឯណោះ។
តាមរយៈការបន្តប្រមែប្រមូលទុន មកវិនិយោគបន្ថែមលើភ្នំបូកគោ គេអាចកត់សម្គាល់ឃើញថា អ្នកឧកញ៉ា សុខ គង់ បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់រមនីយដ្ឋានភ្នំបូកគោ។ តួយ៉ាងក្នុងគម្រោងតំបន់គោលដៅទេសចរណ៍សំខាន់ៗ ក្នុងរមនីយដ្ឋានភ្នំបូកគោ ទាំងឡាយត្រូវបានក្រុមហ៊ុន អភិរក្ស និងថែរក្សា យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្រៅពីនោះ ក្រុមហ៊ុនក៏បានពង្រីកគម្រោង បុរីជាច្រើនគម្រោងទៀត លើភ្នំបូកគោនេះ ដើម្បីឱ្យក្លាយជាទីក្រុងអនាគតរបស់ប្រទេសកម្ពុជា៕