ធនាគារពិភពលោក បាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ៣០ ពាន់លានដុល្លារ ដើម្បីជួយទប់ស្កាត់វិបត្តិសន្តិសុខស្បៀងអាហារ ដែលកំពុងមានការគំរាមកំហែង ដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណ:ដែលបានធ្វើឱ្យមានការកាត់បន្ថយការនាំចេញគ្រាប់ធញ្ញជាតិយ៉ាងច្រើន ពីសំណាក់ប្រទេសទាំង ២ នេះ ។ នេះបើយោងតាមសារព័ត៌មាន Ruerters បានចុះផ្សាយ ។
ជាក់ស្តែង ធនាគារពិភពលោក បានសង្កត់ធ្ងន់ទៀតថា ចំនួនថវិកាសរុបនេះ នឹងត្រូវរាប់បញ្ជូលទាំងទឹកប្រាក់ ១២ ពាន់លានដុល្លារ នៅក្នុងគម្រោងថ្មីៗ និងទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារផ្សេងសទៀត ពីគម្រោងដែលមានស្រាប់ ទាក់ទងទៅនឹងស្បៀង និងអាហាររូបត្ថម្ភដែលត្រូវបានអនុម័ត ប៉ុន្តែនៅមិនទាន់ត្រូវបានបញ្ចេញឱ្យប្រើប្រាស់ ។
ទន្ទឹមនឹងនេះ លោក David Malpass ប្រធានធនាគារពិភពលោក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ការកើនឡើងនៃតម្លៃម្ហូបអាហារ កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត។ ហើយដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព វាជារឿងសំខាន់ ដែលប្រទេសនានាត្រូវធ្វើសេចក្តីថ្លែងការណ៍ច្បាស់លាស់ អំពីការកើនឡើងនៃទិន្នផលនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ” ។
មិនតែប៉ុណ្ណោះ ធានាគារពិភពលោក បានបញ្ជាក់ទៀតថា គម្រោងថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចគាំទ្រដល់វិស័យកសិកម្ម កិច្ចគាំពារសង្គម ដើម្បីទប់ទល់ផលប៉ះពាល់ នៃតម្លៃស្បៀងអាហារកាន់តែខ្ពស់ ទៅលើប្រជាជនក្រីក្រ និងគម្រោងទឹក រួមទាំងប្រព័ន្ធធារាសាស្រ្តផងដែរ ។
គួរឱ្យដឹងផងដែរថា កញ្ចប់ថវិកាដែលបានគ្រោងទុកនេះ នឹងត្រូវបែងចែកភាគច្រើន ទៅកាន់ទ្វីបអាហ្រ្វិក តំបន់មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត អាស៊ីកណ្តាល និងអាស៊ីខាងត្បូង ខណ:តំបន់ទាំងនេះ ស្ថិតនៅក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត ដោយសារសង្គ្រាមនៅអ៊ុយក្រែន លើការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ៕
ប្រភព: Thefinancialexpress