ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ ២១០០នាក់ នៅប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជុំវិញបញ្ហាដក EBA ពីសហភាពអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប មានប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីក្រោយពីសហភាពអឺរ៉ុប បានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ ក្នុងន័យនេះ សម្តេចបានបង្ហាញរបាយការណ៍ថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។
ទន្ទឹមនឹងនោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានសំឡឹងមើលឃើញវិស័យកាត់ដេរដែលកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។
គួររម្លឹកថា ក្រោយការចូលជាធរមាននេះ ទំនិញរបស់កម្ពុជា៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ នឹងត្រូវបង់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបបាន។ ការដកEBA២០%នេះ ជាជំហានដំបូងរបស់សហភាពអឺរ៉ុប តែអឺរ៉ុបក៏នៅតែបានបើកផ្លូវឱ្យកម្ពុជាអាចទទួលបានមកវិញដែរ បើសិនធ្វើតាមការតម្រូវរបស់អឺរ៉ុបនោះ។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញផងដែរនូវកំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ដែលត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ សម្តេចតេជោថ្លែងថា៖ «បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិកឯណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ»។
បន្ថែមទៀតនោះ វិបត្តិកូវីដ-១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់៕