សង្គ្រាមរវាងមហាអំណាចរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលប្រមាណ ៣ ខែគិតចាប់ពីចុងខែកុម្ភៈមកទល់នឹងពេលនេះ ហើយវាបានធ្វើឲ្យភាគីទាំងសងខាង ក៏ដូចជាសេដ្ឋកិច្ចទូទាំងពិភពលោកទទួលរងផលប៉ះពាល់ជាខ្លាំងផងដែរ។
ដោយសារជាអ្នកបើកការឈ្លានពានទៅលើអ៊ុយក្រែនមុន រុស្ស៊ីបានចំណាយទឹកប្រាក់អស់ជាច្រើនពាន់លានដុល្លារ ហើយបើយោងតាមរបាយការណ៍ផ្ដល់ឲ្យដោយក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីបានទម្លាយថា រដ្ឋាភិបាលចំណាយប្រហែល ១៥,៥ លានដុល្លារ/ម៉ោង សម្រាប់សង្គ្រាមមួយនេះ។
តួលេខខាងលើគឺពិតជាស៊ីសង្វាក់ជាមួយនឹងទំហំទុនបម្រុងរបស់រុស្ស៊ីទៅលើផ្នែកការពារសន្តិសុខសង្គមដែលទម្លាយកាលពីខែមេសាកន្លងទៅ ក្នុងទំហំប្រហែល ៦២៨ ពាន់លានរ៊ូបល ឬប្រហែល ១១ ពាន់លានដុល្លារ។
ដោយឡែក Moscow Times ក៏បានរាយការណ៍ដែរថា ជាមធ្យមរុស្ស៊ីចំណាយប្រហែល ២១ ពាន់លានរ៊ូបល ឬប្រមាណ ៣៦០ លានដុល្លារ ដើម្បីការធ្វើសង្គ្រាមមួយនេះ ដូច្នេះរដ្ឋាភិបាលត្រូវចាយលុយប្រមាណ ១១ ពាន់លានដុល្លារជារៀងរាល់ខែ ខណៈតួលេខជាក់លាក់ពីការចំណាយទៅលើសង្គ្រាមមួយនេះគឺមិនទាន់មានប្រភពច្បាស់ការនៅឡើយ។
ប្រភពដដែលបានបន្ថែមថា ទុនបម្រុងការពារសន្តិសុខជាតិរបស់រុស្ស៊ីបានកើនឡើងជាលំដាប់ ពោលនៅខែមករា ពួកគេចំណាយប្រហែល ២៣៣,៧ ពាន់លានរ៊ូបល (ប្រហែលជាង ៣ ពាន់លានដុល្លារ) ទៅលើផ្នែកយោធា តែបានកើនឡើងដល់ ៣៦៩ ពាន់លានរ៊ូបលនៅខែកុម្ភៈ (ជាង ៦ ពាន់លានដុល្លារ) និងនៅខែមេសា តួលេខហក់ដល់ ៦២៨ ពាន់លានរ៊ូបល (ប្រហែល ១១ ពាន់លានដុល្លារ)។
ដូច្នេះបើគិតពីខែមករាមកត្រឹមខែមេសា រុស្ស៊ីបានចាយលុយអស់ប្រហែល ១,៦៨១ ទ្រីលានរ៊ូបល ឬប្រមាណ ៣០ ពាន់លានដុល្លារ ខណៈចំនួនមួយនេះគឺច្រើនលើសលុបពីអ៊ុយក្រែន ដោយសាររុស្ស៊ីមិនបានទទួលជំនួយពីប្រទេសណាមួយឡើយនៅលើពិភពលោក៕
ប្រភព: Newsweek