លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានដាក់ក្តីរំពឹងខ្ពស់លើទំហំនៃការដឹកជញ្ជូននាំចេញ-នាំចូលរបស់កម្ពុជានឹងមានការកើនឡើងខ្លាំង សម្រាប់ឆ្នាំ២០២២នេះ ដោយលោកបានអះអាងយ៉ាងដូច្នេះក៏ព្រោះតែមើលឃើញមិនមានការរាំងស្ទះដោយសារពីជំងឺកូវីដ-១៩ ខណៈតម្លៃនៃការដឹកជញ្ជូន ក៏ថោកជាង បើធៀបនឹងអំឡុងពេលដែលមានការរាតត្បាតខ្លាំងវិបត្តិកូវីដ-១៩។
លោក ជា ចាន់ដារ៉ា អះអាងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូលសរុបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ កាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២។
លោកគូសបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកដំណើរការសង្គម-សេដ្ឋកិច្ចទាំងស្រុងឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក សកម្មភាពនៃការដឹកជញ្ជូនទំនិញ ទាំងចេញនិងចូល ប្រទេសកម្ពុជា មានការកើនឡើង។ លោកថា ការកើនឡើងទំហំនៃការដឹកជញ្ជូននេះ ដោយសារការផលិតនៅក្នុងប្រទេស មិនមានការរាំងស្ទះ ពីការរាតត្បាតដោយជំងឺកូវីដ-១៩។
បើតាមលោកប្រធានសមាគមរូបនេះ ឆ្នាំ២០២២នេះការនាំចេញ-នាំចូលល្អប្រសើរខ្លាំង ក៏ដោយសារការផលិតមិនមានការរាំងស្ទះ ដូចនេះការនាំចេញ ក៏ដូចជាការនាំចូល គឺនឹងអាចមានការកើនឡើងច្រើន។ ចំណែក តម្លៃនាំការដឹកជញ្ជូនតាមផ្លូវទឹក ក៏មានការធ្លាក់ថ្លៃ ដោយក្នុងអំឡុងពេលឆ្នាំ២០២០ និង២០២១ ការនាំចេញទំនិញតាមនាវា មានតម្លៃកើនឡើងដល់២ម៉ឺន ឬជាង២ម៉ឺនដុល្លារក្នុងមួយកុងតឺន័រ ប៉ុន្តែបច្ចុប្បន្ននេះ បានធ្លាក់ថ្លៃមកនៅត្រឹម១ម៉ឺនដុល្លារជាងប៉ុណ្ណោះ ក្នុងមួយកុងតឺន័រ។
គួររម្លឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ការនាំចេញកម្ពុជារយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា មានទំហំទឹកប្រាក់ ៥ ៧៦១លានដុល្លារ ដែលកើនឡើង ២៥,៧% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិវិញមានទំហំទឹកប្រាក់ ៧ ៤៤៥លានដុល្លារ ពោលគឺថយចុះ ០,៩%។ ក្នុងនោះ ទីផ្សារសំខាន់ៗដែលកម្ពុជានាំផលិតផលចេញ រួមមាន ការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង២ ១៥០លានដុល្លារ កើនឡើង ៤៣,៧%, វៀតណាម ចំនួន៧៥៨លានដុល្លារ កើនឡើង ៣,៩%, ថៃ ចំនួន៣១៨លានដុល្លារ កើនឡើង ២៨%, ចិន ចំនួន៣២១លានដុល្លារ និងជប៉ុន ចំនួន៣០៥លានដុល្លារ។
ប្រភពដដែលបន្តថា ទំនិញដែលកម្ពុជានាំចេញទាំងនោះ រួមមាន សម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់២ ១៣៧លានដុល្លារ, ធញ្ញជាតិ ៤០៤លានដុល្លារ, សម្ភារធ្វើពីស្បែកសត្វ ចំនួន៤៩៥លានដុល្លារ, ស្បែកជើង ចំនួន៤២១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ ៣៦៥លានដុល្លារ, ផ្លែឈើ ២៣៤លានដុល្លារ។
បន្ថែមពីនេះ ទំហំនាំចេញបន្លែចំនួន២១៩លានដុល្លារ, គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ, គុជខ្យង និងត្បូងមានតម្លៃចំនួន៩១លានដុល្លារ ការនាំចេញកៅស៊ូចំនួន១១៧លានដុល្លារ រួមនឹងផលិតផលសំខាន់ៗផ្សេងទៀត៕