នៅតំបន់អាស៊ីអាគ្នេយ៍ មានតែសិង្ហបុរី និងប្រ៊ុយណេប៉ុណ្ណោះដែលត្រូវបានចាត់ទុកជាប្រទេសអភិវឌ្ឍន៍ ដោយសារផ្អែកលើកម្រិត GDP របស់ប្រជាជននៅទីនោះ។ បើយោងតាមការកំណត់របស់ធនាគារពិភពលោក ប្រទេសដែលអាចចាត់ទុកជាប្រទេសអភិវឌ្ឍន៍បាន លុះត្រាតែកម្រិត GDP របស់ប្រជាជននៅប្រទេសនោះមានចាប់ពី ១២ ៥៣៥ ដុល្លារឡើងទៅ។
ក្រៅពី កូនខ្លាសេដ្ឋកិច្ចនៅអាស៊ី និងប្រទេសសំបូរប្រេងខាងលើ ម៉ាឡេស៊ីដែលជាប់ព្រំប្រទល់សិង្ហបុរី ក៏កំពុងបោះជំហានឆ្ពោះទៅរកការកែប្រែទៅជាប្រទេសអភិវឌ្ឍន៍ផងដែរ ដោយបច្ចុប្បន្ន GDP របស់ពួកគេគឺ ១០ ៤០១ ដុល្លារ ហើយបើតាមការប៉ាន់ស្មានរបស់នាយករដ្ឋមន្ត្រី Ismail Sabri Yaakob ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំខាងមុខ ម៉ាឡេស៊ីនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ទី ៣ នៅអាស៊ីអាគ្នេយ៍ជាមិនខាន។
ប្រទេសដែលជាប់ចំណាត់ថ្នាក់ GDP ខ្ពស់បំផុតប្រចាំអាស៊ីអាគ្នេយ៍ គឺប្រទេសថៃ ស្របពេលនាយករដ្ឋមន្ត្រី Prayut Chan-o-Cha បង្ហើបថា ប្រទេសជិតខាងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៣៦។ ស្របពេល Karl Kendrick Chua អគ្គនាយកអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិហ្វីលីពីន ទម្លាយថា ហ្វីលីពីននឹងឈានដល់ចំណុចមួយនេះនៅឆ្នាំ ២០៤០។
ក្រឡេកទៅមើល ប្រទេសឥណ្ឌូណេស៊ី និងវៀតណាមវិញ សុទ្ធតែមានចក្ខុវិស័យចង់កែប្រែប្រទេសទាំង ២ នេះឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ដូច្នេះហើយបានជាមួយរយៈកាលចុងក្រោយ សន្ទុះនៃកំណើនសេដ្ឋកិច្ចវៀតណាមហាក់មានការកើនឡើងជាលំដាប់តែម្ដង។
ជាចុងក្រោយ កម្ពុជាក៏មានចក្ខុវិស័យអភិវឌ្ឍប្រទេសឲ្យដល់ចំណុចកំពូលដូចប្រទេសដទៃផងដែរ ខណៈសម្ដេចតេជោហ៊ុន សែនបានបង្ហើបថា កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ហើយពួកយើងគឺជាប្រទេសដែលមានឱកាសក្នុងការក្លាយជាកម្លាំងសេដ្ឋកិច្ចថ្មីនៅអាស៊ីអាគ្នេយ៍ផងដែរ៕
ប្រភព: ASEAN Skyline